ឯកឧត្តម​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ​ ចូលរួមកិច្ចប្រជុំពិភាក្សា​ និងចុះត្រួតពិនិត្យ វាយតម្លៃអំពីបញ្ហាស្រូវពូជនៅខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី ១ នៃគ.ជ.គ.ម. 

ខេត្តក្រចេះ ÷ ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៩​ ឯកឧត្តម​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ​ បានដឹកនាំក្រុមការងារ​ ចូលរួមកិច្ចប្រជុំពិភាក្សា​ និងចុះត្រួតពិនិត្យ វាយតម្លៃអំពីបញ្ហាស្រូវពូជនៅខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី ១ នៃគ.ជ.គ.ម.។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ សូមឲ្យក្រសួងជំនាញដែលពាក់ព័ន្ធទៅលើការដាំដុះរបស់បងប្អូនប្រជាកសិករ ត្រូវ រៀបចំប្រតិទិនដាំដុះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព ។
ឯកឧត្តមអភិបាលខេត្តក្រចេះ និង អភិបាលស្រុក បានរាយការណ៍អំពីផ្ទៃដីដាំដុះដែលរងផលប៉ះពាល់ដោយទឹកជំនន់និងផ្ទៃដីដែលបានស្តារឡើងវិញ (បច្ចុប្បន្នស្តារឡើងវិញបាន ៣០%) ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹកនិង ឧតុនិយម បានមានមតិជម្រាបជូនអង្គប្រជុំពាក់ព័ន្ធនឹងការងារស្តារឡើងវិញដូចជា ៖
១-ត្រូវរក្សាទឹកទុកដើម្បីប្រើប្រាស់ឲ្យចំគោលដៅ
២-ត្រូវបែងចែកទឹកឲ្យមានសមធម៌ដោយត្រូវមានប្រតិទិនដាំដុះឲ្យបានច្បាស់លាស់
៣-ក្រសួងធនធានទឹក និងឧតុនិយម ធានាផ្គត់ផ្គង់ទឹកចំពោះដីស្រែដែលស្ថិតនៅក្បែរប្រភពទឹក ។
៤-ស្នើដល់អភិបាលខេត្តគួររក្សាទុកទិន្នន័យទឹកជំនន់នេះទុក ព្រោះទីតាំងដែលលិចទឹកវាមានតែនៅកន្លែងដដែលទេ ។
៥-សំណូមពរដល់ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់សូមជួយផ្សព្វផ្សាយព័ត៌មានស្តីពីការព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹក បន្តដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។