លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីវិធានការថែរក្សាទឹកទុកនិងការងារបង្កបង្កើនផលនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ​ ÷ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តព្រះសីហនុ លោកស្រី ញឹម សុភា អគ្គាធិការរង លោក ប៉ុល សារេន អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីវិធានការថែរក្សាទឹកទុកនិងការងារបង្កបង្កើនផលនៅស្រុកកំពង់សីលា និងស្រុកព្រៃនប់ របស់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត ព្រមទាំងអភិបាល អភិបាលរងស្រុក ចៅសង្កាត់ មេឃុំ មេភូមិ សហគមន៍កសិករប្រើប្រាស់ទឹក និងអ្នកពាក់ព័ន្ធទាំងអស់ ។ កិច្ចប្រជុំបានិពិនិត្យជារួម ផែនការបង្កបង្កើនផលស្រូវក្នុងខេត្តព្រះសីហនុ ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា នេះបានចំនួន ២៣៥៣ ហិកតា ស្មើ១៦.៨១% នៃផែនការ១៤០០០ ហ.ត ក្នុងនោះ

+ស្រុកព្រៃនប់
-ស្រូវស្រាល=២០០ហិកតា (បញ្ចប់)
-ស្រូវកណ្តាល=៧១៣ហិកតា។
+ស្រុកកំពង់សីលា
-ស្រូវកណ្តាល =១៤៤០ ហិកតា។

ក្រោយពីបានពិភាក្សា អង្គប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖
១. អាជ្ញាធរ ខេត្ត ស្រុក ឃុំ ភូមិ សហគមន៍ ត្រូវបន្តផ្សព្វផ្សាយពីសារាចរនេះអោយបានទូលំទូលាយដល់ប្រជាជននៅមូលដ្ឋាន ដើម្បីចូលរួមប្រើប្រាស់ទឹកដោយឈ្លាសវៃ និងសន្សំសំច្ចៃ។
២. មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវរៀបចំសេចក្តីជូនដំណឹង ជារួមមួយជូនខេត្ត និង ត្រូវយកចិត្តទុកដាក់ជាសំខាន់ផងដែរទៅលើការប្រើប្រាស់ទឹកដោយសន្សំសំច្ចៃ និងការរក្សាទឹកទុកសម្រាប់ការប្រើប្រាស់នារដូវប្រាំងខាងមុខ។
៣.បានជម្រាបជូនអង្គប្រជុំ សូមចូលរួមថែរក្សាប្រភពទឹកដែលមានស្រាប់ជាជាងធ្វើថ្មី ហើយបើករណីមានធ្វើថ្មី សូមអាជ្ញាធរប្រឹក្សាយោបល់ជាមួយមន្ទីរជំនាញជៀសវាងការខ្ជះខ្ជាយ ខុសគោលដៅ មិនត្រូវតាមស្ដង់ដាបច្ចេកទេស និងគ្មានប្រសិទ្ធភាព។
៤.មន្ទីរត្រូវត្រៀមលក្ខណៈជាស្រេចទាំងសម្ភារៈ មធ្យោបាយ ប្រេង គ្រឿងចក្រ ដើម្បីជួយអន្តរាគមន៍អោយបានទាន់ពេលវេលាពេលមានកង្វះខាតទឹក។