ឯកឧត្តម លឹម​ គានហោ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីវិធានការថែរក្សាទឹកទុក និងការងារបង្កបង្កើនផលនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ដែលជាប្រធាន អនុប្រធានមុខព្រួញខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរលេខ ១១ សរណន ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។
កិច្ចប្រជុំផ្សព្វផ្សាយសារាចរខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរនានាជុំវិញរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុក-ក្រុង ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រធានសហគមន៍កសិករប្រើប្រាស់ទឹកទូទាំងខេត្ត សរុបប្រមាណជិត ៣០០ នាក់ ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមអភិបាលខេត្ត ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃនេះ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើសេចក្តីរាយការណ៍ពីភាពរីកចំរើន និងបញ្ហាប្រឈមមួយ ចំនួនពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ ការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នាបណ្តាឆ្នាំកន្លងមក ។ ជាមួយគ្នានេះ ដើម្បីឲ្យគោលនយោបាយទឹកសម្រាប់ការងារបង្កបង្កើនផលមានភាពកាន់តែល្អ និងប្រសើរឡើង ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើសំណូមពរចំពោះឯកឧត្តមរដ្ឋមន្រ្តីបង្កើតឡើងនូវអាងទឹក ប្រព័ន្ធធារាសាស្រ្តឲ្យបានច្រើន និងសាងសង់នូវស្ថានីយបូមទឹកខ្នាតធំ ០១កន្លែង ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រុកចំនួន ០៣ របស់ខេត្តផងដែរ ។
ឯកឧត្តម លឹម គានហោ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រសួងធនធានទឹក និងឧតុនិយម ចុះមកធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំនេះ ។ ការប្រែប្រួលអាកាសធាតុ ជាប្រធានបទមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ពិសេសលើបញ្ហាសន្តិសុខទឹក ជាក់ស្តែង ចាប់ពីបច្ចុប្បន្នរហូតដល់ពេលមានភ្លៀងធ្លាក់សារជាថ្មីនៅក្នុងឆ្នាំ ២០២០ ខាងមុខ ។ បន្ទាប់ពីទទួលបាននូវសារាចរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីជាប្រធានស្ថាប័ន បានចាត់តាំងថ្នាក់ដឹកនាំក្រសួងដែលទទួលមុខព្រួញទាំង ២៥ រាជធានី ខេត្ត ចុះធ្វើការផ្សព្វផ្សាយជូនអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ យកទៅអនុវត្ត ពិសេសបងប្អូនប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រៀប និងទូលំទូលាយពីសារៈសំខាន់របស់ទឹក ក្នុងន័យធ្វើយ៉ាងចូលរួមគ្រប់គ្រង និងថែរក្សាទឹកឲ្យបានល្អប្រសើរ ចៀសវាងមានសភាពការណ៍កើតឡើងដូចនាឆ្នាំ ២០១៥-២០១៦ ។
ចំពោះសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្រ្តីបានសម្រេចផ្តល់ជូន ស្ពានបេតុង ០១កន្លែង កាត់ប្រឡាយមេរលាំងជ្រៃខាងជើង ត្រង់ចំណុចភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន និងចាត់អ្នកបច្ចេកទេស ចុះធ្វើការសិក្សាជាបន្ទាន់ក្នុងការតម្លើងស្ថានីយបូមទឹកខ្នាតធំ ០១គ្រឿង សម្រាប់ជួយ ដល់ស្រុកសំរោងទង គងពិសី និងស្រុកបសេដ្ឋ ។ សមិទ្ធផលដែលកើតមានឡើងនៅពេលនេះ គឺដោយ សារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា និងការពារឲ្យបានគង់វង្ស ។