ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យសកម្មភាពបូមទឹកបម្រើដល់ការងារបង្កបង្កើនស្រូវរដូវប្រាំងចំនួន ១.៣៦០ហិកតា ជូនប្រជាកសិករនៅ

(ខេត្តតាកែវ) ÷ នៅរសៀលថ្ងៃសុក្រ ២រោច​ ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក​ និងឧតុនិយម អមដំណើរដោយលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តតាកែវ ព្រមទាំងមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរ ចុះពិនិត្យសកម្មភាពបូមទឹកបម្រើដល់ការងារបង្កបង្កើនស្រូវរដូវប្រាំងចំនួន ១.៣៦០ហិកតា ជូនប្រជាកសិករនៅឃុំស្នោរ​ ឃុំព្រៃល្វា​ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានណែនាំលក្ខណៈបច្ចេកទេសលើការប្រើប្រាស់ម៉ូទ័របូមឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលមានដល់មន្ត្រីមន្ទីរ និងសហគមន៍ ដើម្បីធានាបាននូវនិរន្តរភាពនៃដំណើរការប្រើប្រាស់ស្ថានីយបូមទឹក និងប្រព័ន្ធស្រោចស្រពឲ្យបានយូរអង្វែង។