ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់បងប្អូនប្រជាកសិករក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)​​ ÷ ទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ អមដំណើរដោយឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញ ព្រមទាំងឯកឧត្តមអគ្គនាយក និងលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់បងប្អូនប្រជាកសិករក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងមួយផ្នែកនៃខេត្តបាត់ដំបង តាមរយៈអាងទឹកពោធិ៍សាត់ ទី ៣ និងទី ៥ ។
សូមបញ្ជាក់ជូនថា អាងទឹកទាំង ២ ខាងលើនេះ ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេច ក្នុងការថែរក្សាទឹកទុក តែបច្ចុប្បន្ននេះ ជាតម្រូវការចាំបាច់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឲ្យបើកទឹកនូវអាងទឹកពោធិ៍សាត់ទី ៣ នៅថ្ងៃទី ១៨ និងបន្តបើកទឹកនៃអាងទឹកពោធិ៍សាត់ទី ៥ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ នេះបន្ថែមទៀត ដើម្បីបង្កើនលំហូរទឹកឲ្យបានច្រើនទប់ទល់នឹងម៉ាស៊ីនបូមទឹក ដែលចូលរួមដោយបងប្អូនប្រជាកសិករយ៉ាងសស្រាក់សស្រាំ ក្នុងចំនួនសរុបប្រមាណ ២៨២ គ្រឿង និងផ្តល់ប្រេងដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។ ជាបច្ចុប្បន្នភាពជាក់ស្តែង សម្រាប់ស្រូវវស្សាបានច្រូតកាត់ប្រមូលផលស្ទើរ ១០០% ហើយ ។ ប្រតិបត្តិការនេះ គឺសម្រាប់ស្រូវប្រាំងទូទាំងខេត្ត ដែលតាមផែនការ មានចំនួន ៩.៥០០ ហិកតា តែជាក់ស្តែងធ្វើរហូតដល់ទៅ ២៥.៦៨៨ ហិកតា ត្រូវជា ២៧០%។ ដោយឡែកសម្រាប់តែស្រុកបាកានមួយ ផែនការមានចំនួន ៤.៥០០ ហិកតា តែការធ្វើជាក់ស្តែងមានរហូតទៅដល់ ១៩.០០០ ហិកតា ។ ទាំងអស់នេះ ស្តែងឲ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។