ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានមុខព្រួញខេត្តកំពង់ចាម លើការគ្រប់គ្រងធនធានទឹក ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្ថា​នីយបូមទឹកក្តីបឹង​  និងការងារបង្កបង្កើនស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅខេត្តកំពង់ចាម 

ខេត្តកំពង់ចាម ÷ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក​ និងឧតុនិយម ទទួលមុខព្រួញខេត្តកំពង់ចាម លើការគ្រប់គ្រងធនធានទឹក អមដំណើរដោយលោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ដ្រ និងការងារទន្លេ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ សហការ​ជាមួយលោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្ថា​នីយបូមទឹកក្តីបឹង​ ស្ថានភាពទឹក​ និងការងារបង្កបង្កើនស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅខេត្តកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនោះផងដែរ​ ឯកឧត្តម​ព្រមទាំងក្រុមការងារ​ទាំងអស់ បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងបាក់ស្រុតច្រាំងព្រែកអន្លង់គគីរ​ ស្ថិតនៅក្នុងភូមិគគីរ​ ឃុំស្តៅ​ និងឃុំព្រែកកុយ ស្រុកកងមាស ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ផ្លូវថ្នល់ និងផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងព្រែកនេះ ។ ចំពោះការងារជួសជុលបាក់ស្រុតច្រាំងតាមបណ្តោយដងព្រែកអន្លង់គគីរនេះ​ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងគ្រោងធ្វើការកាយសម្រួលផ្លូវទឹកឡើងវិញ​ និងជួសជុលបន្ទាន់នូវកន្លែងដែលបាក់ស្រុតនាពេលឆាប់ៗ ខាងមុខនេះ ។
ក្នុងពេលចុះដំណេីរពិនិត្យនេះដែរ​ លោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ ព្រមទាំងសហការី​ បានបញ្ជាក់ផងដែរថាគិតរហូតមកដល់ពេលនេះ​ ល្បឿនបង្កបង្កេីនផលស្រូវប្រាំងបញ្ចប់១០០% និងប្រមូលផលបាន​៥១,៥៩%លេីផែនការ៤២.០០០ហិកតា​ និងទិន្នផលជាមធ្យម៣,៩តោន/១ហិកតា ៕