ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ បានដឹកនាំប្រជុំពិភាក្សាការងាររៀបចំតាំងពិព័រណ៍ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីព្រះស្រែ នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

រាជធានីភ្នំពេញ​ ÷ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រជុំពិភាក្សាការងាររៀបចំតាំងពិព័រណ៍ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីព្រះស្រែ នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សារៀបចំចាត់ចែង ទីតាំងស្តង់ពិព័រណ៍របស់ក្រសួងនៅខេត្តកំពង់ធំ តាមប្លង់ដែលគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានកំណត់ជូនឱ្យមានសោភ័ណភាពល្អប្រសើរ ដូច្នេះក្រសួងធនធានទឹក និងឧតុនិយម បានតុបតែងដាក់តាំងរូបភាព គោលនយោបាយទឹក ឧបករណ៍ ឧតុនិយម ជលសាស្ត្រ និងសមិទ្ធផលនានា ដែលក្រសួងសម្រេចបានកន្លងមក ព្រមទាំងដាក់ពាក្យស្លោក ដែលគណៈកម្មាធិការរៀបចំបុណ្យជាតិ កំណត់ឱ្យប្រើក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឱ្យបានល្អប្រសើរ ដើម្បីមុខមាត់របស់ក្រសួង ៕