ឯកឧត្តម លឹម គានហោ បានអនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយលោក JIANGFENG ZHANG នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋានភូមិភាគអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម

ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB (Country Programming Mission, CPM 2020) ដឹកនាំដោយលោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋានភូមិភាគអាស៊ីអាគ្នេយ៍ Southeast Asia Department និងលោកជំទាវ Sunniya Durrani Jamal នាយកស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារសហប្រតិបត្តិការលើវិស័យទឹក នៅទីស្ដីការក្រសួង ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលជាដៃគូសហប្រតិបត្តិការដ៏ល្អ ក្នុងការយកចិត្តទុកដាក់លើផែនការជាយុទ្ធសាស្រ្ត សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជាពីឆ្នាំ ២០១៩-២០២៣ Cambodia Country Partnerships Strategy (CPS, 2019-2023) ។
លោក Jiangfeng Zhang បានធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលការងារសហប្រតិបត្តិការលើវិស័យទឹក រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ និងការបញ្ជាក់ពីយុទ្ធសាស្រ្តគាំទ្រថ្មីរបស់ ADB សម្រាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។
គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី ADB នាពេលកន្លងមក រហូតមកបច្ចុប្បន្ននេះ មានដូចខាងក្រោម ៖
១- គម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក ។
២- គម្រោងកែលម្អលើវិស័យធារាសាស្រ្តកសិកម្ម ។
៣- គម្រោង GMS លើការគ្រប់គ្រង និងកាត់បន្ថយនូវហានិភ័យដែលកើតឡើងដោយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ អនុគម្រោងដំណាក់ឈើក្រំ ក្នុងខេត្តពោធិ៍សាត់ ។
៤- គម្រោង ADB CFAVC ក្នុងខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
៥- គម្រោងស្រូវ Rice SDP ។
សម្រាប់ផែនការយុទ្ធសាស្រ្តថ្មីរបស់ ADB លើវិស័យទឹក ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ មានគម្រោង ADB MFF លើការគ្រប់គ្រងវិស័យធនធានទឹកចម្រុះ Integrated Water Resources Management ចាប់ពីអាងទន្លេ អាងទន្លេរង ដល់ប្រព័ន្ធជើងក្រោមនៃផ្ទៃរងទឹកភ្លៀងគ្រប់ប្រភេទទាំងអស់ក្នុងក្របខ័ណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ដោយបានអនុញ្ញាតឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB បោះទុនវិនិយោគទៅតាមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេសផែនការយុទ្ធសាស្រ្តនេះ ស្រប និងស៊ីចង្វាក់គ្នាទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដំណាក់កាលទី ៤ ដែលគាំទ្រដល់កម្មវិធីធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅធ្វើការសម្រេចឲ្យខាងតែបានលើគោលដៅឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ។
សូមបញ្ជាក់ជូនថា ការបង្កើនការវិនិយោគរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមវិស័យជាអាទិភាពលើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ចាប់ពីអាងទន្លេ អាងទន្លេរង រហូតដល់ផ្ទៃរងទឹកភ្លៀងគ្រប់ប្រភេទទាំងអស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺស្ថិតក្នុងវិស័យជាអាទិភាពទី ៣ នៃផែនការយុទ្ធសាស្រ្តរបស់ ADB ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងនូវការកោតសរសើរ ដល់លោកជំទាវ Sunniya Durrani Jamal ដែលបានអញ្ជើញមកកាន់តំណែងជានាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសកម្ពុជា មានរយៈពេលខ្លីសោះ តែបានបំពេញបេសកកម្មដ៏ច្រើនជូនប្រទេសកម្ពុជា ជាពិសេសលោកជំទាវ បានសម្រេចនូវលទ្ធផលជាច្រើនជូនក្រសួងធនធានទឹក និងឧតុនិយម ពាក់ព័ន្ធនឹងវិស័យទឹក ដូចជាគម្រោងការគ្រប់គ្រងវិស័យធនធានទឹកចម្រុះ ដែលមានចែងក្នុង CPS 2019-2023 រួចហើយ ។
ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តកិច្ចសហការយ៉ាងល្អជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងការអនុវត្តន៍ CPS របស់ ADB ប្រកបដោយស័ក្តិសិទ្ធភាព មានប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព ៕