លោក ថាំង វីយុទ្ធដា ​ ចុះពិនិត្យ ការងារស្តារប្រឡាយអូរតាចែត មានទីតាំងស្ថិតនៅឃុំ បឹងសាលាខាងជើង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រឡាច ខេត្តកំពត

ខេត្តកំពត ÷ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យ ការងារស្តារប្រឡាយអូរតាចែត និងការងារសាងសង់សំណង់សិល្បការ មានទីតាំងស្ថិតនៅឃុំ បឹងសាលាខាងជើង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រឡាច ខេត្តកំពត ។ នេះជាឆ្នាំជំហានទី២ ហើយក្នុងការស្តារប្រឡាយអូរតាចែតនេះ ដើម្បីតភ្ជាប់ចរន្តទឹកពីប្រឡាយមេការវ៉ាក់ ឱ្យហូរចូលតាមប្រឡាយ ដែលបានស្តាររួច (ជំហានទី១) មកធ្វើការស្រោចស្រពបន្ថែមបន្តទៅក្នុងឃុំបឹងសាលាខាងជើង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្នុងទំហំការងាររួមមាន ៖
-ស្តារប្រឡាយអូរតាចែត០២ខ្សែ ប្រវែងសរុប ៣.៤០០ម៉ែត្រ
-ជួសជុលទំនប់អាងទឹកអង្គកកោះប្រវែង ២.៦៥០ម៉ែត្រ
-សាងសង់សំណង់សិល្បការ ចំនួន ១២កន្លែង

សូមបញ្ជាក់ថា មុនពេលស្ដារប្រឡាយអូរតាចែត ប្រជាពលរដ្ឋជួបការលំបាកនៅការខ្វះខាតទឹកសម្រាប់ស្រោចស្រពបន្ថែមនៅដើមរដូវ និងចុងរដូវ កសិផលទទួលបានមិនឆ្លើយតបតាមតម្រូវការ ។ ក្រោយពីការស្ដារប្រឡាយខាងលើ និងសាងសង់សំណង់សិល្បការ បានរួចរាល់តាមលក្ខណៈបច្ចេកទេស នោះប្រជាពលរដ្ឋ នឹងទទួលបានប្រឡាយនាំទឹក យកមកស្រោចស្រពការងារបង្កបង្កើនផលកសិកម្ម ចំណែកភ្លឺប្រឡាយបានជាផ្លូវសម្រាប់ធ្វើដំណើរទំនាក់ទំនងក្នុងមូលដ្ឋានជាទីប្រជុំជនបានយ៉ាងល្អប្រសើរ ៕