ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារនៃអង្គភាពត្រួតពិនិត្យគម្រោង​ ចុះពិនិត្យវាយតម្លៃលើការងារថែទាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង

(ខេត្តកណ្តាល)​ ÷ ​ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារនៃអង្គភាពត្រួតពិនិត្យគម្រោងក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវាយតម្លៃលើការងារថែទាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង លាតសន្ធឹង ក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
ប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង មានផ្ទៃដីស្រោចស្រពទាំងអស់ចំនួន ១២.៨០០ហិកតា ត្រូវបានស្តារឡើងវិញ ដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្កការ (JICA ជប៉ុន) នៅឆ្នាំ២០០៧ លើផ្ទៃដីស្រោចស្រពនៅរដូវវស្សាចំនួន១.៩៨០ហិកតា ស្រូវប្រាំងចំនួន ៨០០ហិកតា ។ ប្រព័ន្ធនេះទទួលរបបទឹក ស្រោចស្រពពីស្ទឹងព្រែកត្នោត គឺអាងទឹកទំនប់៧មករា បរិមាណទឹកមួយចំនួនទៀតដែលលើសត្រូវហូរកាត់លើសំណង់បង្ហៀរ និងទ្វារដោះទឹក ។

ប្រព័ន្ធស្រោចស្រពកណ្ដាលស្ទឹង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការថែទាំជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្នហើយលក្ខខណ្ឌសំណង់កំពុងត្រូវបានកែលម្អជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២០ នេះក្រុមការងារបានធ្វើការថែទាំរួមមាន ៖
– ប្រឡាយមេបេតុង ០១ខ្សែ
– ប្រឡាយនាំទឹក ០១ខ្សែ
– ប្រឡាយរង ០៦ខ្សែ
– ប្រឡាយដោះទឹក ០៣ខ្សែ
– សំណង់ទ្វារស្ទាក់ទឹក-ដោះទឹកជំនន់ ០១កន្លែងលើទំនប់ ចំនួន ០៤ទ្វារ
– សំណង់ទ្វារទឹកដើមឫស លើទំនប់ ០១កន្លែង
– សំណង់បង្ហៀរលើទំនប់ ០១កន្លែងសំណង់ដោះលើប្រឡាយមេបេតុង ០៨កន្លែង
– សំណង់ស្ទាក់ទឹកលើប្រឡាយមេរង ដោះទឹក ៤៤កន្លែង
– សំណង់លូចែកចាយទឹក និងលូលំហូរខ្សែទឹក(អូរ) លើប្រឡាយមេ ដោះទឹកចំនួន ៦២កន្លែង
សូមបញ្ជាក់ថា បន្ទាប់ពីមានការថែទាំជាប្រចាំ ធ្វើឲ្យប្រព័ន្ធស្រោចស្រពនេះ នៅតែប្រើប្រាស់បានយ៉ាងល្អ ម្យ៉ាងទៀតតាមខ្នងប្រឡាយបានជាផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផល ទៅមកបានយ៉ាងងាយស្រួល ។ ទោះជាមានការថែទាំជាប្រចាំ ក្រុមការងារសង្កេតឃើញថា មានអាជីវកម្មឡានដឹកដីជាច្រើន កំពុងចរាចរណ៍នៅលើខ្នងប្រឡាយនេះ ធ្វើឲ្យមានការខូចខាតច្រើន ដូច្នេះសូមឲ្យអជ្ញាធរដែនដី ជួយថែទាំផង ដើម្បីបានប្រើប្រាស់ បានយូរអង្វែង ៕