ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ បានចុះពិនិត្យលើការធ្វើតេសដីលើទីតាំងសាងសង់ស្ថានីយរ៉ាដាតេជោសែនទីII ស្ថិតក្នុងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ

(ខេត្តកំពង់ធំ) ÷ នៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានធ្វើការដឹកនាំក្រុមការងារក្រសួង ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក សកបទ លោកមេឃុំ លោកមេភូមិ បងប្អូនប្រជាកសិករ និងមន្រ្តីសហការីជាច្រើនរូបទៀត បានចុះធ្វើសកម្មភាពដូចតទៅ ៖

១- ចុះធ្វើការពិនិត្យលើសំណើររបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរថ្នាក់ក្រោមជាតិដែលស្នើសុំមកឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងខ្ចប់ទឹកក្នុងបឹងត្រពាំងធំ ដែលស្ថិតក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ

២- ចុះពិនិត្យប្រព័ន្ធប្រឡាយជើងក្អែបដែលសាងសង់ដោយសហគមន៍កសិករប្រើប្រាស់ទឹក សកបទ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ដាក់យុទ្ធសាស្ត្រ ទប់ស្កាត់ជម្ងឺ COVID-19 និងដោះស្រាយលើបញ្ហា EBA ដោយផ្តល់ជូនមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ ជាច្រើនអនុគម្រោងប្រព័ន្ធប្រឡាយជើងក្អែបបន្ថែមទៀត និងបង្កើនការខ្ចប់ទឹកទុកតាមបឹងបួរធម្មជាតិជាច្រើនកន្លែង ។ នេះនឹងជួយដោះស្រាយទំហំការងារធ្វើដ៏ច្រើនកន្លែងជូនបងប្អូនប្រជាពលករដែលវិលត្រលប់ទៅកាន់ភូមិឋានវិញ

៣- ចុះពិនិត្យលើការធ្វើតេសដីលើទីតាំងសាងសង់ស្ថានីយរ៉ាដាតេជោសែនទីII ស្ថិតក្នុងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ ។ ស្ថានីយរ៉ាដាតេជោសែនទីII នឹងបំពាក់ដោយឧបករណ៍ទំនើបចុងក្រោយបង្អស់ដើម្បីប្រសិទ្ធិភាពខ្ពស់បំផុតលើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ដោយធានាដល់សុវត្ថភាពទឹក។ ក្រសួង MEF និងធានាគារអភិវឌ្ឍន៍អាស៊ី ADB បានឯកភាពតាមយុទ្ធសាស្ត្រខាងលើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ៕