ឯកឧត្តម ឈា ប៊ុនរិទ្ធ និង​ឯកឧត្តម​ រស់​ បរម​ អគ្គនាយករងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានដឹកនាំក្រុមការងារគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​(អល)​  ចុះពិនិត្យ​ការងារជួសជុលថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង ឆ្នាំ២០២០ ខេត្តឧត្តរមានជ័យ 

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០​ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក​ និងឧតុនិយម និង​ឯកឧត្តម​ រស់​ បរម​ អគ្គនាយករងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានដឹកនាំក្រុមការងារគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​(អល)​ ព្រមទាំងបានចូលរួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ចុះពិនិត្យ​ការងារជួសជុលថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង ឆ្នាំ២០២០ ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែង មានប្រភពទឹក តាំងពីព្រំដែនប្រទេសថៃ អូជីក (អាងទឹកតាម៉ុក) អាងទឹកទំនប់ថ្មី បន្តហូរធ្លាក់ចូលអាងស្តុកទឹកស្ទឹងស្រែងជំហាន២ យកមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវប្រមាណជាង ២៥.០០០ ហិកតា ដែលគ្របដណ្ដប់លើ ០៣ខេត្ត គឺខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងទឹកមួយចំនួនទៀតត្រូវនាំយកទៅស្ដុកបំពេញនៅអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។ ប្រព័ន្ធខាងលើនេះត្រូវបានស្ថាបនា ក្នុងឆ្នាំ២០១៣ និងបញ្ចប់នៅឆ្នាំ២០១៥ ដោយថវិកាកម្ចីអនុគ្រោះពីសាធារណរដ្ឋប្រជាមានិតចិន។ ប្រព័ន្ធខាងលើត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីថែទាំជាប្រចាំចាប់តាំងពីឆ្នាំ២០១៧ ហើយក៏បានបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅឆ្នាំ២០១៨ ផងដែរ។
សម្រាប់ឆ្នាំ២០២០នេះក្រុមការងារបានធ្វើការថែទាំរួមមាន ៖
– ប្រឡាយមេចំនួន​ ០២ខ្សែ​ ដែលមានប្រវែង ៨១.០២៨ គីឡូម៉ែត្រ
– ប្រឡាយរងចំនួន ០៣ខ្សែ ដែលមានប្រវែង១៥.៨៦៥ គីឡូម៉ែត្រ
– ទំនប់សណ្ដស្ទឹង ០១ ខ្សែប្រវែង ២.៩៨៤ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ ។
ក្នុងខណៈពេលចុះត្រួតពិនិត្យ និងវាយតម្លៃ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានលើកឡើងនូវបញ្ហាប្រឈម និងការលំបាករបស់បងប្អូនប្រជាកសិករក្នុងការទាញយកទឹកពីប្រឡាយមេនាំទឹក ដែលមានជម្រៅជ្រៅ ។
បន្ទាប់ពីបានពិនិត្យរួច ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស និងឯកឧត្តមអគ្គនាយករងអគ្គនាយកដ្ឋានថវិកា បានផ្ដល់យោបល់​ និងណែនាំដល់លោកប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តឧត្តរមានជ័យ លើកជាគម្រោងសំណង់ស្ទាក់ទឹក និងកំណត់ទីតាំងស្ថានីយបូមទឹក ដើម្បីដោះស្រាយនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទៅតាមតម្រូវការ​ និងស្ថានភាពជាក់ស្ដែង ៕