ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពច្រាំងទន្លេនៅក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មារ ចំនួន៣ ទីតាំង ដែលមានចំណុចប្រឈមដូចខាងក្រោម ៖
-ទីតាំងទី១: នៅវត្តដើមជ្រៃ ស្ថិតនៅភូមិក្រូចឆ្មារលើ
-ទីតាំងទី២: នៅវត្តកញ្ចក់ នៅក្នុងភូមិក្រូចឆ្មារក្រោម និង
-ទីតាំងទី៣: នៅមន្ទីរពេទ្យបង្អែកប្រតិបត្តិស្រុកក្រូចឆ្មារ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះលើ

សរុបទាំងបីទីតាំងនេះនៅក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ មានប្រវែងសរុបចំនួន ១.២០០ម៉ែត្រ និងឆ្លងតាមការពិនិត្យស្ថានភាពច្រាំងទន្លេបច្ចុប្បន្ននេះ មានតែស្នាមបាក់ស្រុតចាស់កាលពីឆ្នាំ២០១៩កន្លងទៅ ហើយពុំទាន់មានស្នាមបាក់ស្រុតថ្មីៗនោះទេ មានចម្ងាយពីមាត់ច្រាំងទៅទីតាំងសំណង់វត្តអារាម សំណង់មន្ទីរពេទ្យ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅចន្លោះពី៤ ទៅ១៥ម៉ែត្រ។

តាមស្ថានការនេះ ជាវិធានការបង្ការទុកជាមុន និងបញ្ជៀសបាននូវគ្រោះមហន្តរាយកើតឡើងជាយថាហេតុនៅពេលខាងមុខ សូមសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ច្រាំងសូមមានការប្រុងប្រយត្ន័ខ្ពស់។ នៅពេលខាងមុខមន្រ្តីបច្ចេកទេសខាងច្រាំងទន្លេនឹងចុះសិក្សាបន្ថែមទៀតពីស្ថានភាពបាក់ច្រាំង និងចរន្តលំហូរទឹក ដើម្បីទប់ទល់ការពារច្រាំងទន្លេប្រឈមការបាក់ស្រុតនេះផងដែរ ៕