ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រប្រឡាយមេហនុមាណ នៅក្នុងស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ ÷ ថ្ងៃចន្ទ០៣រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រប្រឡាយមេហនុមាណ នៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលមានប្រភពទឹកមកពីបឹងទន្លេបាទី និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ១០.០០០ហិកតា លើឃុំចំនួន០៥ រួមមាន ឃុំពាមរាម ឃុំចំប៉ី ឃុំត្នោត ឃុំចំបក់ និងឃុំកណ្តឹង។ បច្ចុប្បន្នប្រព័ន្ធធារាសាស្រ្តខាងលើនេះអាចមានលទ្ធភាពស្រោចស្រពគ្រប់គ្រាន់លើផ្ទៃដីស្រូវរដូវវស្សា ១០០ភាគរយ និងកំពុងបាននាំទឹកទៅស្តុកក្នុងអាងទឹកក្រាំងក្រចាង បានចំនួន ៩៥ភាគរយ។ ប្រព័ន្ធធារាសាស្ត្រហនុមាណមានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោះទឹកជំនន់ពីស្ទឹងព្រែកត្នោត ចូលទៅក្នុងបឹងជើងលោក និងអាងទឹកក្រាំងក្រចាង។