ឯកឧត្តម ឈា ប៊ុនរិទ្ធ បានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត និងបានជួបសំណេះសំណាល ជាមួយឆ្មាំគ្រប់គ្រងបញ្ជារការបិទ-បេីកទ្វារទឹកនៅសំណង់ទ្វារទឹកមេរលាំងជ្រៃ ដេីម្បីជួយកាត់បន្ថយឬបញ្ចៀសការលិចលង់នៅផ្នែកខាងក្រោម
ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត និងបានជួបសំណេះសំណាល ជាមួយឆ្មាំគ្រប់គ្រងបញ្ជារការបិទ-បេីកទ្វារទឹកនៅសំណង់ទ្វារទឹកមេរលាំងជ្រៃ ដេីម្បីជួយកាត់បន្ថយឬបញ្ចៀសការលិចលង់នៅផ្នែកខាងក្រោម ជាពិសេសការយាយីដល់រាជធានីភ្នំពេញ ព្រមទាំងបានចុះពិនិត្យនៅតាមបណ្តារប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលទទួលបានបរិមាណទឹកច្រេីនលេីសត្រូវការ រួមមានដូចខាងក្រោម ៖
១-ទំនប់អាងទឹកអូរស្យា ស្ថិតក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
២-ទំនប់អាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៣-សំណង់បង្ហៀរទំនប់អាងទឹកនៃប្រព័ន្ធអូរក្រាំងអំបិល ស្ថិតនៅក្នុង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនៃការចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត និងប្រព័ន្ធធារាសាស្ត្រខាងលេីនេះដែរ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស បានធ្វើការណែនាំ ដល់ឆ្មាំទ្វារទឹក និងមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ឲ្យបង្កេីនការយកចិត្តទុកដាក់ខ្ពស់លេីការងារបញ្ជាគ្រប់គ្រងបិទ-បើកទ្វារទឹកនៅតាមស្ទឹង និងសំណង់ធារាសាស្រ្ត ព្រមទាំងផ្លាស់ប្តូរ និងជូនដំណឹងគ្នាទៅវិញទៅមក រវាងផ្នែកខាងលើ និងផ្នែកខាងក្រោម ជាពិសេសជាមួយឆ្មាំទ្វារនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ដេីម្បចូលរួមកាត់បន្ថយនូវហានិភ័យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណ: ទ្រព្យសម្បត្តិ និងការលិចលង់ដល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ៕