ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានមុខព្រួញ ខេត្តកំពង់ចាម បានចុះពិនិត្យស្ថានភាពទឹកទន្លេមគង្គ ទឹកនៅតាមទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួន
ខេត្តកំពង់ចាម ÷ នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាប្រធានមុខព្រួញ ខេត្តកំពង់ចាម រួមដំណេីរដោយលោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងមន្រ្តីជំនាញក្រសួង និងមន្ទីរ បានចុះពិនិត្យស្ថានភាពទឹកទន្លេមគង្គ ទឹកនៅតាមទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួន ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្ត។
តាមការពិនិត្យជារួមស្ថានភាពទឹកទន្លេមេគង្គពិនិត្យត្រឹមល្ងាច នេះ ទឹកមេគង្គមានកំពស់ ១០.០៤ម៉ែត្រ ហើយកំពុងហក់ឡើងចូលព្រែកមួយចំនួន រីឯទំនប់អាងទឹក មួយចំនួននៃប្រព័ន្ធធារាសាស្រ្តទទួលបរិមាណទឹកភ្លៀងពេញស្ទេីរតែទាំងស្រុង សម្រាប់បម្រេីឲ្យការងារបង្កបង្កេីនផលស្រូវរដូវប្រាំងនាពេលខាងមុខ។
ដោយឡែកមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក៏បានបង្កេីនការយកចិត្តទុកដាក់លេីការគ្រប់គ្រងបរិមាណទឹកដែលលេីសពីលទ្ធភាពស្តុកទុករបស់ទំនប់អាងទឹកនិមួយៗ ដោយចាត់ឲ្យមានឆ្មាំប្រចាំការជាប់ជាប្រចាំសម្រាប់បញ្ជាបិទបេីកទ្វារទឹក ក្នុងបរិបទដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលប្រព័ន្ធវិសម្ពាធទាប ក៏ដូចជាការត្រៀមបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយដែលអាចកេីតមានឡេីងជាយថាហេតុនាចុងរដូវវស្សានេះ ៕











































