ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការរដ្ឋបាលការងារនិងកំណែទម្រង់រដ្ឋបាលសាធារណៈ

ព្រឹកថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានបើកវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការរដ្ឋបាលការងារនិងកំណែទម្រង់រដ្ឋបាលសាធារណៈក្រោមអធិបតីភាព ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋបាល និងមានការចូលរួមពីប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន មន្ត្រី និងសិក្ខាកាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយកកិច្ចការរដ្ឋបាល បានមានប្រសាសន៍ទៅកាន់សិក្ខាកាម ចូលរួមទាំងអស់ ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើចំណេះដឹងផ្នែករដ្ឋបាល ដោយសារវាមានសារៈសំខាន់សម្រាប់ជាមូលដ្ឋានការងារដើម្បីពង្រឹងការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនាយកដ្ឋាននីមួយៗ ឲ្យកាន់តែ ល្អប្រសើរ គោលបំណងចំបងនៃការរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធការងាររដ្ឋបាលគឺដើម្បីបំពេញបន្ថែម នូវចំនុចខ្វះខាត និងពង្រឹងសមត្ថភាពមន្រ្តីតាមនាយកដ្ឋាននីមួយៗ នៃក្រសួងធនធានទឹក និងឧតុនិយម លើការងាររដ្ឋបាលដូចជា ការធ្វើលិខិតបទដ្ឋានគតិយុត្តិ និងកិច្ចការរដ្ឋបាលទូទៅ និងការកំណែទម្រង់លិខិតរដ្ឋបាលមួយចំនួនតាមនាយកដ្ឋាន និងស្នើរសុំ អង្គភាពរបស់ខ្លួនឲ្យមានភាពរលូន និងត្រឹមត្រូវដំណើរការទូទៅរបស់ ស្ថាប័នខ្លួនឯង និងសម្រាប់ និរន្តភាពការងារនៅពេលខាងមុខ ៖
-ស្ដីពីការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ។
-ស្ដីពីការផ្ដល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជាការដែលមានស្នាដៃបំពេញការងារបានល្អ ។
-ស្ដីពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្ត្រីរាជការ ។
-ការស្នើសុំចូលចូលនិវត្តន៍មុនអាយុកំណត់ ឬសុំលាឈប់ពីការងាររដ្ឋ…។
-ស្ដីពីច្បាប់ឈប់សម្រាកគ្រប់ប្រភេទ (ស្ថិតនៅក្រៅក្របខ័ណ្ឌដើម ស្ថិតនៅភាពទំនេរគ្មានបៀវត្ស លំហែមាតុភាព) ប្រចាំឆ្នាំ និងច្បាប់ឈប់សម្រាករយៈពេលវែង ឬខ្លី ។
-នីតិវិធីដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ ។ល។