ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពង់ចាម បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពប្រព័ន្ធធារាសាស្ត្រមួយចំនួន ទឹកទន្លេមេគង្គ និងទឹកនៅតាមទំនប់អាងទឹក
ខេត្តកំពង់ចាម ÷ នៅថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពង់ចាម រួមដំណេីរដោយលោកអនុប្រធាននាយកដ្ឋាន សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងមន្រ្តីជំនាញក្រសួង និងមន្ទីរ បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពប្រព័ន្ធធារាសាស្ត្រមួយចំនួន ទឹកទន្លេេមគង្គ និងទឹកនៅតាមទំនប់អាងទឹក ព្រមទាំងការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅក្នុងខេត្ត រួមមានដូចខាងក្រោម ៖
-ប្រព័ន្ធធារាសាស្ត្របឹងកក់ ស្ថិតក្នុងភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ក្រុមការងារបានចុះពិនិត្យសិក្សាអំពីចរន្តទឹកនៃព្រែកចិនដេីម្បីបង្កភាពងាយស្រួលនាំទឹកសម្រាប់ការងារអន្តរាគមន៍ស្រោចស្រពដល់ការងារបង្កបង្កេីនផលស្រូវប្រាំងរបស់ប្រជាកសិករជុំវិញតំបន់នោះ នាពេលខាងមុខនេះ។
-ប្រព័ន្ធធារាសាស្ត្រទំនប់តំបន់ ស្ថិតក្នុងស្រុកជេីងព្រៃ និងស្រុកព្រៃឈរ ដែលទឹកមានសភាពពេញគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កេីនផលរបស់ប្រជាកសិករ។
-ប្រព័ន្ធធារាសាស្ត្រពោធិ៍តាត្រេះ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដែលការតម្កល់ទឹកទុកស្រូវប្រាំង មានសភាពល្អគ្រប់គ្រាន់បរិបូរណ៍ សម្រាប់ប្រជាកសិករបូមទឹកធ្វេីស្រែប្រាំងបានចំនួន ០២ដង/១ឆ្នាំ។
ជាមួយគ្នានេះផងដែរ តាមការពិនិត្យជារួម ស្ថានភាពទឹកទន្លេមេគង្គត្រឹមល្ងាចនេះ មានកម្ពស់ ៤,៤០ម៉ែត្រ បេីប្រៀបធៀបទៅនឹងឆ្នាំមុនពេលវេលាដូចគ្នា ដែលមានកម្ពស់ត្រឹមតែ ៣,២០ម៉ែត្រ ដូចនេះការស្តុកទឹកសម្រាប់ផ្គត់ផ្គង់នៅមានកម្រិតដល់ការងារបង្កបង្កេីនផលស្រែប្រាំងរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បានធ្វើការផ្សព្វផ្សាយតាមរយៈវេទិការរបស់ក្រុមប្រឹក្សាខេត្ត។ ក្នុងពេលចុះដំណេីរពិនិត្យនេះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី បានបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះ ប្រមូលផលស្រូវវស្សាបាន ៧៣,១៦% នៃផែនការ ៨៦ ៤៦១ហិកតា ទិន្នផលជាមធ្យម ៣,៥០តោន/១ហិកតា និងល្បឿនបង្កបង្កេីនផលស្រូវប្រាំងផែនការ ៤២ ០០០ហិកតា អនុវត្តបាន ៣១ ៩៤៥ហិកតា ស្មេីនឹង ៧៦,០៦%។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញេីដល់មន្ទីរ ត្រូវបង្កេីនការយកចិត្តទុកដាក់ថែរក្សាទឹកទុកឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅតំបន់ផ្សេងទៀត ដើម្បីធានាដល់ការស្រោចស្រពការងារដាំដុះបង្កបង្កើនផលនាពេលខាងមុខរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យទទួលបានទិន្នផលកាន់តែល្អប្រសេីរ ៕








































