លោក ផាង វី ចុះជួយអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ នៅខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់​​ឆ្នាំង ÷  នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បានចុះជួយអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ រួមមាន ៖
ឃុំកោះចិន និងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល លើផ្ទៃដីចំនួន ៤៦៤៦ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ១៩គ្រឿង ក្នុងនោះម៉ាស៊ីនចល័តធុនមធ្យមកម្លាំង៦៥សេះ ចំនួន១៨គ្រឿង ស្ថានីយបូមទឹកហ៊ុនសែនទី២០ ចំនួន០១គ្រឿង (គិតមកដល់ពេលនេះអាយុកាលស្រូវរបស់ប្រជាកសិករបានរយៈពេលជាង១ខែទៅ២ខែ)
ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ឃុំកោះថ្កូវ ស្រុកជលគិរី ឃុំគោកបន្ទាយ ស្រុករលៀប្អៀរ និងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លើផ្ទៃដីចំនួន ៧២០០ហិកតាដោយប្រើប្រាស់ម៉ាស៊ីនចល័តធុនមធ្យមកម្លាំង ៦៥សេះ ចំនួន២០គ្រឿង (គិតមកដល់ពេលនេះអាយុកាលស្រូវរបស់ប្រជាកសិករបានរយៈពេល២០ថ្ងៃទៅជាង១ខែ)
ឆ្លៀតក្នុងឱកាសនេះក្រុមការងារក៏បានសំណូមពរដល់បងប្អូនប្រជាកសិករដែរមានស្រែខាងលើចេះយោគយល់ជួយសម្រួលចែកចាយទឹកដល់បងប្អូនដែរមានស្រែខាងក្រោមឲ្យបានប្រើប្រាស់គ្រប់ៗគ្នា ហើយក៏បានណែនាំអំពីការប្រើប្រាស់ និងថែទាំម៉ាស៊ីនតាមលក្ខណៈបច្ចេកទេសដើម្បីធានានូវប្រសិទ្ធភាព និរន្តរ៍ភាពនៃការប្រើប្រាស់ម៉ាស៊ីន ៕