ឯកឧត្តម ពេជ្រ វាសនា ប្រធានមុខព្រួញចុះជួយខេត្តសៀមរាប បានចុះពិនិត្យ ទំនប់អាងទឹកបែកតាប់ ស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន ដើម្បីលើកសំណើសុំសាងសង់

ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះពិនិត្យ ទំនប់អាងទឹកបែកតាប់ ស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន ដើម្បីលើកសំណើសុំសាងសង់ ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ ឬថវិកាជាតិ។
ក្រោយពីសាងសង់រួច ទំនប់អាងទឹកនេះអាចស្រោចស្រពលើផ្ទៃដីចំនួន ១០០០ហិកតា ស្ថិតក្នុងឃុំចំនួន ០៣ គឺឃុំល្វាក្រាំង ឃុំស្រែណូយ និងឃុំវ៉ារិន នៃស្រុកវ៉ារិន។
បន្ថែមលើផ្ទៃដីស្រោចស្រពខាងលើ ទំនប់អាងទឹកនេះក៏អាចជួយផ្គត់ផ្គង់ទឹកស្រោចស្រពដល់ផ្ទៃស្រែនៅផ្នែកខាងក្រោមអាងទឹក ដូចជាប្រព័ន្ធធារាសាស្ត្រគោកស្រុក និងប្រព័ន្ធធារាសាស្ត្រស្រែសមុទ្រ ៕