ឯកឧត្តម ថោ ជេដ្ឋា ប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ  ចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តីបច្ចេកទេសនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពបង្កបង្កើនផលរួមមានការងារដូចខាងក្រោម ៖
១-ពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា និងស្រូវប្រាំងគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
-លើការងារប្រមូលផលស្រូវវស្សាបានច្រូតកាត់បញ្ចប់ហើយ អនុវត្តបានចំនួន ៧៥.៧៦៤ហិកតា ស្មើ៩៧,៩១% នៃផ្ទៃដីអនុវត្តបានចំនួន ៧៧.៣៨០ហិកតា ទិន្នផលមធ្យមស្មើ ៣,៤តោន/ហត
-បង្កបង្កើនផលស្រូវប្រាំង សាបព្រោះដកស្ទូងអនុវត្តបានចំនួន១១.៧៥០ហិកតា ស្មើ៩៦% នៃផែនការចំនួន១២.២៤០ហិកតា។
២-ក្រុមការងារបានបន្តចុះពិនិត្យដំណើរការបូមទឹកដោយប្រើប្រាស់ម៉ាសុីនចល័តខ្នាតមធ្យមកម្លាំង ៦៥ សេះ ចំនួន ០១គ្រឿង ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំង មានទីតាំងនៅភូមិពោធិ៍រោង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដោយធ្វើការបូមពីប្រភពទឹកបឹងពើកមកទម្លាក់ចូលក្នុងប្រឡាយនាំទឹកទួលពង្រ មានប្រវែងជាង ៦០០ម៉ែត្រ មកបញ្ចូលក្នុងស្រះ ០១កន្លែង និងប្រឡាយចែកទឹក សម្រាប់បងប្អូនកសិករបូមបន្តបញ្ចូលស្រែប្រាំងមានផ្ទៃដីចំនួន ១០៥ហិកតា។
៣-តាមការវាយតម្លៃជាបឋម ស្ថានភាពទឹកសម្រាប់ផ្គត់ផ្គង់ស្រោចស្រពស្រូវប្រាំងបន្តនៅទូទាំងខេត្ត ចាប់ពីពេលនេះរហូតដល់ប្រមូលផលអាចនឹងមានការខ្វះខាតទឹកបន្តិច តម្រូវឲ្យមានអន្តរាគមន៍បូមទឹកជំនួយបន្ថែម ដែលមានទីតាំងនៅក្នុងភូមិសាស្ត្ររបស់ស្រុកក្រូចឆ្មារ ៕