ឯកឧត្តម លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ឯកឧត្តមក្រុមប្រឹក្សាខេត្តកំពង់ចាម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

គម្រោងសាងសាង់ប្រព័ន្ធធារាសាស្រ្តទំនើបនេះជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ ៣០% ប៉ុណ្ណោះ ។ មិនចំពោះតែគម្រោងនេះ បណ្តាគម្រោងផ្សេងៗទៀតដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាពរាំងស្ទះដោយសារការពិបាកធ្វើដំណើររចុះពិនិត្យវាយតំលៃមុននឹងអាចដំណើរសាងសង់របស់ក្រុមជំនាញការបរទេស ក្នុងបរិបទការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ។

សូមបញ្ជាក់ថា ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖
– ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ
-សំណង់សិល្បការតូចធំ ចំនួន ១៩៥កន្លែង
– ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីរដោយចរន្តអគ្គិសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង។

គម្រោងប្រព័ន្ធធារាសាស្រ្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕