ឯកឧត្តម ប៊ុន ហ៊ាន ប្រធានមុខព្រួញខេត្តកំពង់ធំ ចុះពិនិត្យលទ្ធភាពការសហការផ្គត់ផ្គងទឹកប្រឡាយមេព្រះគន្លង

ខេត្តកំពង់ធំ ÷ នៅថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តកំពង់ធំ រួមជាមួយក្រុមការងារមាន លោក ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងស្រុកកំពង់ស្វាយ លោកប្រធានក្រុមប្រឹក្សាឃុំកំពង់គោ បានចុះពិនិត្យលទ្ធភាពការសហការផ្គត់ផ្គងទឹកប្រឡាយមេព្រះគន្លងដែលមានផែនការធ្វើស្រូវប្រាំងចំនួនប្រមាណប្រហែល ២០០០ហិកតា ។
ទីតាំងស្រូវប្រាំងនេះស្ថិតនៅចំណុចទួលតាប៉ុក, វាលស្រងែ,ផ្អែកដំបង និងបឹងមូល ក្បែរដងស្ទឹងសែនផ្នែកខាងក្រោម និងខាងលិចទីរួមខេត្តកំពង់ធំ ប្រហែល ៣០គីឡូម៉ែត្រ (ដីតំបន់៣ដែលបានឆ្វៀលចេញ) ការធ្វើស្រូវប្រាំងនេះបានអនុវត្តពីដើមខែមករា ឆ្នាំ២០២១ ជាបន្តបន្ទាប់ប្រដេញតាមទឹកស្រក និងសម្រេចបានជាបន្តបន្ទាប់ប្រហែល ១០០០ហិកតាហើយ ។ ហើយការបញ្ចូលទឹកក្នុងស្រែអាស្រ័យតាមតម្រូវការនៃការលូតលាស់របស់ស្រូវ ដែលពេលនេះមានស្រូវស្រែប្រាំងខ្លះបានបញ្ចូលទឹកគ្រប់ហើយ ស្រូវស្រែប្រាំងខ្លះនៃចំណុចទាំង៤ខាងលើបាននឹងកំពុងវ៉ៃដីព្រួសពូជស្រូវហើយ ស្រែស្រូវប្រាំងខ្លះកសិករគាត់បាញ់ថ្នាំសម្លាប់ស្មៅបង្ខះទឹកទុកឲ្យស្ងួតដល់ពេលកំណត់មួយ ដែលពួកគាត់សន្មត់ថាស្មៅងាប់អស់ហើយ ទើបគាត់ដាក់ទឹកបញ្ចូលវិញ មើលទៅដូចជាការផ្គត់ទឹកមិនបានគ្រប់គ្រាន់តែនេះជាបច្ចេកទេសធ្វើស្រែប្រាំងទេ ។
កិច្ចសហការផ្គត់ផ្គង់ទឹកនេះគឺជាការដោះស្រាយចំពោះមុខ ជាលក្ខណៈបន្ទាន់ បណ្តោះអាសន្នមួយរដូវកាលនេះតែប៉ុណ្ណោះ ។ ព្រោះពេលវេលានៃការចាប់ផ្តើមធ្វើស្រូវប្រាំងបណ្តេញទឹករបស់ប្រជាកសិករ បានចាប់ផ្តើមធ្វើស្រែហើយចំពេលកើតមានទំនាស់រវាងកសិករនិងអ្នកផ្គត់ផ្គង់ទឹកនៅទីតាំងនោះផងដែរ ហើយទំនាស់នេះបាននិងកំពុងធ្វើការដោះស្រាយនៅតុលាការ ។ ហើយទំនាស់នេះផងដែរ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មាធិការ និងកំពុងធ្វើការដោះស្រាយ ៕