ឯកឧត្តម ថោ ជេដ្ឋា ប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ  បានចុះពិនិត្យស្ថានភាពទឹកបង្កបង្កើនផល និងការប្រមូលផលស្រូវប្រាំងនៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ÷ នៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាពទឹកបង្កបង្កើនផល និងការប្រមូលផលស្រូវប្រាំងនៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមមានការងារដូចខាងក្រោម ៖
-ការចុះពិនិត្យស្ថានភាពទឹកស្រោចស្រពផ្ទៃដីស្រូវប្រាំងនិងដំណាំរួមផ្សំនៅទីតាំងភូមិព្រែកតូច ឃុំជីរោទិ៍ទី១ និងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ ដែលមានផ្ទៃដីរួមប្រមាណជា៩៥០ហិកតា ដែលកំពុងមានការលូតលាស់ល្អនិងកំពុងប្រមូលផលច្រូតកាត់ស្រូវប្រាំងជាបណ្តើរៗ ដោយប្រើប្រាស់ទឹកស្រោចស្រពពីប្រភពទឹកបឹងទន្សោង និងបឹងក្រចាប់ បច្ចុប្បន្នបឹងទាំង២នេះមានបរិមាណទឹកចំនួនពី២០-៣០% ធានាបានការផ្គត់ផ្គង់ទឹកបានបញ្ចប់រហូតដល់ការប្រមូលផលនៅលើទីតាំងនេះ ។
-ស្ថានភាពបង្កបង្កើនផល និងប្រមូលផលជារួមនៅទូទាំងខេត្តគិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ការងារសាបព្រោះដកស្ទូងបានបញ្ចប់ហើយដោយអនុវត្តបានចំនួន១២.៣២០ហិកតា ស្មើ១០០,៦៥% និងការប្រមូលផលច្រូតកាត់បានចំនួន ៦.៨២០ហិកតា ស្មើ៥៥,៣៦% ។
ការវាយតម្លៃជារួមនៅទូទាំងខេត្តក្រោយពីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ បានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅទីតាំងមួយចំនួនក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំបញ្ចប់រួចមក អាចវាយតម្លៃស្ថានភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងនៅទូទាំងខេត្តចាប់ពីពេលនេះរហូតដល់ការប្រមូលផលពុំមានចំណោទជាបញ្ហាខ្វះខាតទឹកទេ ៕