ឯកឧត្តម ចាន់ យុត្ថា  ប្រធានមុខព្រួញប្រចាំខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង និងទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)÷ ព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំខេត្តបាត់ដំបង និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង និងទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។
ដំណាំស្រូវប្រាំងដែលបងប្អូនប្រជាកសិករបានធ្វើការដាំដុះក្នុងខេត្តសរុបប្រមាណ ៣៧.០០០ ហត (ស្មើនឹងប្រមាណ ១៨៤% នៃផែនកាដាំដុះ ២០.០០០ ហត) មកដល់ពេលនេះ បានប្រមូលផលប្រមាណ ៧៥% ហើយ ឯផ្ទៃដីស្រែដែលនៅសេសសល់ប្រមាណ ២៥% ភាគរយ គឺនៅត្រូវការទឹកបន្ថែម ១លើកទៀត ។ ក្រុមការងារកំពុងបញ្ជូនទឹកទៅកាន់ផ្ទៃដីស្រែទាំងនោះ។
ទន្ទឹមនឹងការចាត់ចែងទឹកបម្រើឲ្យការស្រោចស្រពស្រូវប្រាំងដែលនៅសេសសល់ ក្រុមការងារក៏បាន និងកំពុងបញ្ជូនទឹកពីប្រព័ន្ធធារាសាស្រ្តកង្ហត ទៅកាន់ស្រុកមោងឫស្សី សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផងដែរ ។
សូមបញ្ជាក់ជូនថា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណ ១៥.០០០ គ្រួសារ តែងតែមានការប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ស្ទើររៀងរាល់ឆ្នាំ ពិសេសនៅរដូវប្រាំង។ ចំពោះមុខបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយសាធារណរដ្ឋកូរ៉េសាងសង់អាងទឹកដ៏ធំមួយនៅក្នុងស្រុករុក្ខគិរី ដែលមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣ លានម៉ែត្រត្រីគុណ ។ គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់នាពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខ ។ ក្រោយពេលអាងទឹកត្រូវបានសាងសង់រួចរាល់ បញ្ហាខ្វះខាតទឹក ទាំងទឹកសម្រាប់ការងារបង្កបង្កើនផល ក៏ដូចជាទឹកសម្រាប់លារប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នឹងត្រូវបានដោះស្រាយទាំងស្រុង ៕