ឯកឧត្តម ឈា ប៊ុនរិទ្ធ ចុះពិនិត្យស្ថានភាពផ្ទាល់ទីតាំងទំនប់បណ្តោះអាសន្ន និងជាផ្លូវឆ្លងកាត់ព្រែកធម្មជាតិសម្រាប់ប្រើប្រាស់រដូវប្រាំង ចំនួន ០៣កន្លែង​ របស់ខេត្តកំពង់ចាម

ខេត្តកំពង់ចាម​ ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងមន្រ្តីរបស់ក្រសួង និងមន្ទីរ រួមជាមួយលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ លោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុក និងកងកម្លាំង បានចុះពិនិត្យស្ថានភាពផ្ទាល់ទីតាំងទំនប់បណ្តោះអាសន្ន និងជាផ្លូវឆ្លងកាត់ព្រែកធម្មជាតិសម្រាប់ប្រើប្រាស់រដូវប្រាំង ចំនួន ០៣កន្លែងដែលរួមមានដូចខាងក្រោម ៖

. ចំណុចស្ទឹងឆ្វេង

. ចំណុចអន្លុងជ្រៃស្ថិតនៅក្នុងឃុំច្បារអំពៅស្រុកបាធាយ

. ចំណុចខ្លាចំពាមដែលជាព្រំប្រទល់រវាងឃុំច្បារអំពៅនិងឃុំផ្តៅជុំរបស់ស្រុកជើងព្រៃ។

មូលហេតុដោយសារការដាក់លូរ និងបើកមុខផ្លូវទឹកធម្មជាតិតូចមិនត្រូវតាមលក្ខណ:បច្ចេកទេស ដែលធ្វើឲ្យបរិមាណទឹកពីផ្នែកខាងលើហូរធ្លាក់ចុះទៅទន្លេយឺត បណ្តាលឲ្យមានការជន់លិចដល់ផ្ទៃដីបង្កបង្កើនផលស្រូវ ប្រាំងចំនួនប្រមាណ ១ ១៩៣ហិកតា របស់ឃុំព្រៃចារ ឃុំសូទិប និងឃុំផ្តៅជុំ (ស្ថិតនៅខ្សែរទឹកខាងលើ)នៃស្រុកជើងព្រៃ។ ម្យ៉ាងទៀតដោយសារប្រជាពលរដ្ឋនៅយុំច្បារអំពៅ (ស្ថិតនៅខ្សែរទឹកខាងក្រោម)នៃស្រុកបាធាយចង់រក្សាទឹកទុកនៅក្នុងព្រែកធម្មជាតិឲ្យបានច្រើនដើម្បីងាយស្រួលបូមយកទឹកទៅធ្វើស្រែប្រាំងនិងប្រើប្រាស់ប្រចាំថ្ងៃ។មូលហេតុខាងលើនេះបានបង្កទៅជម្លោះរហូតដល់មានការប្តឹងផ្តល់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។កន្លងមកឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណអភិបាលខេត្តកំពង់ចាមក៏ធ្លាប់បានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធចុះអន្តរាគន៍និងដោះស្រាយជាបន្តបន្ទាប់ក្នុងការដាក់លូបណ្តោះអាសន្នដើម្បីបើកផ្លូវទឹកបន្ថែមដើម្បីទឹកហូរបានលឿនជាងមុន។

លោក អភិបាលស្រុកជើងព្រៃ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ក្នុងនាមឯកឧត្តមអភិបាលខេត្តកំពង់ចាម បានស្នើសុំ និងសំណូមពរដ៏ទទូចដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួយដោះស្រាយបញ្ហាខាងលើ ដោយធ្វើការសិក្សាលក្ខណៈបច្ចេកទេស និងសាងសង់សំណង់ទ្វារទឹក ដើម្បីងាយស្រួលក្នុងការបិទបើកសម្រួលដល់ការប្រើប្រាស់ទឹកនៅតាមដងព្រែកខាងលើសម្រាប់រដូវប្រាំង ៕