ឯកឧត្តម លឹម វីរក្ស រៀបចំប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅបានលឿន

នៅថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំប្រជុំ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋបាល ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន រួមទាំងអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គ។
ឯកឧត្តម លឹម វីរក្ស បានធ្វើការណែនាំដល់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់នាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គ ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់គ្រប់នាយកដ្ឋានត្រូវរៀបចំខ្លួនរួចជាស្រេច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ នាថ្ងៃចាក់វ៉ាក់សាំងខាងមុខនេះផងដែរ។ គ្រប់នាយកដ្ឋានត្រូវរៀបចំ ស្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ អ្នកចាក់ហើយ និងមិនទាន់បានចាក់ ក្រោមសមត្ថកិច្ចរបស់ខ្លួន និងការងារប្រតិបត្តិការចាក់វ៉ាក់សាំង នៅតាមអង្គភាពរបស់ខ្លួន ដែលអនុលោមទៅតាមការសម្រេចរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ។ ដំណើរការនៃការចាក់វ៉ាក់សាំង ត្រូវប្រព្រឹត្តទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក និងតាមគោលការណ៍ណែនាំ ដែលបានកំណត់ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅបានលឿន និងរលូនតាមដែលអាចធ្វើទៅបានជាមួយនឹងរបៀបរៀបរយ សណ្តាប់ធ្នាប់​ និងធានាបាននូវសុវត្ថិភាពក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ៕