ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ចូលរួមជួបប្រជុំពិភាក្សាតាមប្រព័ន្ធបញ្ជូនរូបភាព (MS-Teams) ជាមួយក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)

នារសៀល ថ្ងៃពុធ ១៥កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចូលរួមជួបប្រជុំពិភាក្សាតាមប្រព័ន្ធបញ្ជូនរូបភាព (MS-Teams) ជាមួយក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) លេីកម្មវិធីសហប្រតិបត្តិបច្ចេកទេសថ្មីដែលអនុវត្តពីឆ្នាំ ២០២២-២០២៥ របស់ GIZ ដែលផ្តោតទៅលេីខេត្តចំនួន ០៣ ៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដេីម្បីគាំទ្រការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០) ដោយផ្តោតសំខាន់ការធ្វេីឲ្យប្រសេីរឡេីងនូវការគ្រប់គ្រងធនធានទឹក ជាមួយនឹងការពង្រឹងផ្នែករដ្ឋបាល ការសម្របសម្រួល និងអភិបាលកិច្ចល្អ ផងដែរ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ឈា ប៊ុនរិទ្ធ ក៏បានបញ្ជាក់ផងដែរថា ការងារគ្រប់គ្រងធនធានទឹក គឺមានភាពស្មុគ្រស្មាញ ពីព្រោះព្រំប្រទល់អាងស្ទឹង/ទន្លេ មានភាពខុសគ្នាពីព្រំប្រទល់រដ្ឋបាល ដូចនេះចាំបាច់ត្រូវធ្វេីការបែងចែកការគ្រប់គ្រងជា០២ កម្រិត ៖ ១.កម្រិតអាងស្ទឹង /ទន្លេ ២.កម្រិតប្រព័ន្ធធារាសាស្រ្ត។ បន្ថែមពីនេះទៀត ការងារគ្រប់គ្រងធនធានទឹកមួយចំនួន ក្រសួងបានផ្ទេរទៅថ្នាក់ក្រោមជាតិ ដែលមានមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រេីប្រាស់ទឹកផងដែរ។ ម្យ៉ាងវិញទៀត សម្រាប់យន្តការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ គឺមានវិសាលភាពធំធេង ជាមួយនឹងធនធាន មនុស្ស និងថវិកានៅមានកម្រិត ដែលចាំបាច់ទាមទារនូវការចូលរួមចំណែកគាំទ្រ និងសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសពីកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)៕