ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) បានដឹកនាំក្រុមការងារបច្ចេកទេស PMU និងជាតំណាងភាគីក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការអនុវត្តគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ចូលរួមជួបកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD)

នៅរសៀលម្សិលមិញថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) បានដឹកនាំក្រុមការងារបច្ចេកទេស PMU និងជាតំណាងភាគីក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការអនុវត្តគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ចូលរួមជួបកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) (4th Policy Dialogue meeting between AFD & RGC) ដែលរៀបចំឡើងដោយក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD)។

កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធបញ្ជូនរូបភាព (Video Conference) នេះដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមភាគីបារាំងដែលដឹកនាំដោយលោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោកស្រី Eva NGYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា និងសហការីទាំងអស់នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍដែលមាននិវេសនដ្ឋាន និងការិយាល័យប្រចាំនៅកម្ពុជា និងនៅថ្នាក់តំបន់ ។

នៅក្នុងកិច្ចជំនួបនេះភាគីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបទបង្ហាញជូនសមភាគីអំពីស្ថានភាពសេដ្ខកិច្ចទូទៅរបស់កម្ពុជារួមទាំងគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុ ការគ្រប់គ្រងបំណុល ជាពិសេសការព្យាករណ៍ និងការដាក់ចេញគោលនយោបាយគ្រប់គ្រង និងស្តារសេដ្ឋកិច្ចសង្កមក្នុងបរិការណ៍កូវិដ និងក្រោយកូវិដ។ ជាមួយគ្នាភាគីបារាំងក៏បានបង្ហាញអំពីគោលនយោបាយមុតមាំក្នុងការគាំទ្រដល់បណ្តាប្រទេសនានាក្នុងសកលលោកក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបង្ហាញអំពីគោលនយោបាយ និងវិស័យអាទិភាពនានា ជាពិសេសការឆ្លើយតបនឹងបញ្ហាបំរែបំរួលអាកាសធាតុ ។

ភាគីបារាំងក៏បានថ្លែងការកោតសរសើរដល់វិធានការ និងគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ខកិច្ច និងសង្គមរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការសន្យាបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយសន្យាការថានឹងបន្តផ្តល់ និងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍កម្ពុជានូវកម្ចីសម្បទានក្នុងរង្វង់ពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២១-២០២៦ រួមទាំងការប្រឹងប្រែងកៀគរធនធានហិរញ្ញប្បទានឥតសំណងជួយដល់កម្ពុជាឱ្យបានច្រើនពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀតដើម្បីឆ្លើយតបតម្រូវការក្នុងបរិការណ៍បច្ចុប្បន្ន និងក្រោយកូវីដ-១៩។
បន្ថែមពីនេះសមភាគីបារាំងនៅបន្តផ្តល់អាទិភាពកាន់តែខ្លាំងដល់វិស័យគ្រប់គ្រងទឹកនៅកម្ពុជា ជាពិសេសបន្តផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមលើគម្រោង WAT4CAM ដែលកំពុងអនុវត្តជាមួយក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយលទ្ធផលជាទីគាប់ចិត្ត ៕