លោក កែវ វ័យ ចុះពិនិត្យមើលគម្រោងសាងសង់ទំនប់សណ្តរឈើតោក ស្ថិតនៅក្នុងឃុំសន្រ្ទែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ÷ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នាយដ្ឋានវិស្វកកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ចុះពិនិត្យមើល គម្រោងសាងសង់ទំនប់សណ្តរឈើតោក និងសាងសង់សំណង់បង្ហៀរ (ទ្វារ០៥) ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ទំនប់អាងទឹកនេះបានសាងសង់ឡើងក្នុងសម័យប៉ុលពត ក្នុងគោលបំណងស្ទាក់ទឹកស្ទឹង សម្រាប់យកមកប្រើប្រាស់នៅក្នុងស្រុកភ្នំក្រវ៉ាញ អស់រយ:ពេលជិត ៥០ឆ្នាំកន្លងមកនេះទំនប់អាងទឹកខាងលើត្រូវបានហូរច្រោះរិចរិលបាក់ដាច់ឯសំណង់កាត់ស្ទឹងត្រូវបានហូរច្រោះបាក់ដាច់ទាំងស្រុងលែងប្រើប្រាស់បាន ដោយសារកត្តា ធម្មជាតិ និងកត្តាមនុស្ស ។ ដោយឃើញពីសកក្តារនុពលខ្ពស់របស់ទឹកស្ទឹងនេះ ទើបក្នុងឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមជួសជុលនិងសាងសង់ទំនប់នេះឡើងវិញ ។

ក្រោយពេលសាងសង់រួច ទំនប់ស្ទាក់ទឹកនេះអាចស្រោចស្រពលើផ្ទៃដីស្រែវស្សា ចំនួន ១.៣៥០ហិកតា ស្រូវប្រាំងចំនួន១៤៥ ហិកតា និងដំណាំរួមផ្សំ ចំនួន៦០ ហិកតា (ទឹកស្ទឹងហូរខួបប្រាំង វស្សា) ជាផ្លូវឆ្លងកាត់កាត់ស្ទឹងពីតំបន់មួយទៅតំបន់មួយទៀត និងជាពិសេសជាងនេះទៅទៀតទំនប់នេះក្លាយជាតំបន់ទេសចរធម្មជាតិមួយដ៏ល្អប្រសើរ សម្រាប់បងប្អូនក្នុងតំបន់នោះលម្ហែកាយក្រោយពេលសម្រាកពីការងារ ។ ការងារដែលត្រូវសាងសង់រួមមាន ៖

-សាងសង់ទំនប់សណ្តរឈើតោក (ខាងឆ្វេង) ប្រវែង ១០០០ម៉ែត្រ

-សាងសង់ទំនប់សណ្តរឈើតោក (ខាងស្តាំ) ប្រវែង ១២០០ម៉ែត្រ

-សាងសង់សំណង់បង្ហៀរ (ទ្វារ០៥) ចំនួន ០១កន្លែង កាត់ស្ទឹងសន្រ្ទ ។

គិតមកដល់បច្ចុប្បន្នការងារជួសជុល និងសាងសង់សម្រេចបាន៨០ % ៕