ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ  

ខេត្តកំពង់ស្ពឺ ÷នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញខេត្តកំពង់ស្ពឺ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ កន្លងទៅ ។
សូមបញ្ជាក់ជូនជ្រាបថា ទំនប់អាងទឹកចំការតែនៅលើខ្នងភ្នំគិរីរម្យដែលមានកម្រិតរក្សាទឹកអតិបរមា ៧លានម៉ែត្រគូបនេះ បានទទួលរងជំនន់ទឹកភ្លៀងហូរបាក់ដាច់ត្រង់ចំណុចសំណង់ខ្នងទំនប់ចាស់ដែលបន្សល់ទុកតាំងពីសម័យសង្គម ដោយសារតែរងឥទ្ធិពលព្យុះបានកើតមានបន្តបន្ទាប់ និងបរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីកំឡុងខែតុលា ឆ្នាំ២០២០ , នាពេលភ្លាមៗនោះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអន្តរាគមន៍ជួសជុលជាបន្ទាន់ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន និងនៅរដូវប្រាំងដើមឆ្នាំ២០២១នេះ ក្រសួងបានធ្វើការជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ ៖
– ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ ម៉ែត្រ
– សាងសង់សំណង់ស្នូលបេតុង ០១កន្លែង
– សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
– ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
– ជួសជុលសំណង់បង្ហៀរ ០១កន្លែង ៕
ក្នុងដំណើរបេសកកម្មចុះពិនិត្យការងារនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសក្រសួងដែលបានខិតខំបំពេញកិច្ចការងារទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ,ផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងតំបន់ ៕