ឯកឧត្តម មុី លីហួត  ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង បានចុះសម្របសម្រួលជាមួយភាគីមិត្តចិនក្នុងការបូមទឹកអន្តរាគមន៍ពីស្ថានីយ៍បូមទឹកទី២ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ចូលប្រឡាយមេទី១ ចម្ងាយប្រវែង ២៨គ.ម. ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករចំនួន០៥ឃុំ

ខេត្តព្រៃវែង ÷ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានសម្របសម្រួលជាមួយភាគីមិត្តចិនក្នុងការបូមទឹកអន្តរាគមន៍ពីស្ថានីយ៍បូមទឹកទី២ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ចូលប្រឡាយមេទី១ ចម្ងាយប្រវែង ២៨គ.ម. ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករចំនួន០៥ឃុំ នៅស្រុកស្វាយអន្ទរ សរុបផ្ទៃដីស្រូវវស្សា ដែលជួបការខ្វះខាតទឹកចំនួន១.៦៨៥ហិកតា ។ នៅថ្ងៃដដែលឯកឧត្តម និងក្រុមការងារ បានបន្តចុះពិនិត្យមើលការបូមទឹកនៅស្ថានីយទី១ នៃប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់កំពង់ត្របែក ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ បញ្ចូលប្រឡាយមេពោធិ៍លោកមានចំនួន ០៣ឃុំ ៖ ស្ថិតស្រុកបាភ្នំ ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវវស្សា ដែលជួបការខ្វះខាតទឹកចំនួន ៧៥៥ហិកតា ៕