លោក យា វឿន  បានដឹកនាំក្រុមការងារពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ជួបប្រជុំរួមជាមួយនឹងអាជ្ញាធរភូមិ ឃុំ និងបងប្អូនជាសមាជិកសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្រ្តពោធិ៍និល

ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងបងប្អូនសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រពោធិ៍និល មានទីតាំងស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ និងបានអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖
១- ជួបប្រជុំរួមជាមួយនឹងអាជ្ញាធរភូមិ ឃុំ និងបងប្អូនជាសមាជិកសហគមន៍កសិករប្រើប្រាស់ទឹក ជាលើកទី១ និងជាឆ្នាំដំបូង ដែលមានការគាំទ្រថវិកាលើការងារពង្រឹង ស.ក.ប.ទ ប្រព័ន្ធធារាសាស្រ្តពោធិ៍និល ពីរាជរដ្ឋាភិបាល
២- ពិភាក្សាដើម្បីរកនីតិវិធី និងវិធីសាស្រ្តនានា ដើម្បីឲ្យសហគមន៍មានដំណើរការឡើងវិញក្រោយពីបានអសកម្មដំណើរជាច្រើនឆ្នាំកន្លងមក
៣- គ្រោងរៀបចំបោះឆ្នោតជ្រើសរើសគណ:កម្មាធិការសហគមន៍ថ្មីឡើងវិញ ដោយសារតែគណៈកម្មាធិការចាស់ភាគច្រើនបានបោះបង់ការងារចោល
៤- ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រពោធិ៍និល ដើម្បីត្រៀមលក្ខណៈជាប្រចាំក្នុងការផ្តល់ទឹកស្រោចស្រព និងត្រៀមបម្រុងសម្រាប់រដូវប្រាំងឆ្នាំ២០២២ ខាងមុខ
៥- ទទួលយកសំណូមពរបងប្អូនកសិករ បានស្នើសុំជួសជុលទ្វារទឹក១កន្លែង និងជីកប្រឡាយនាំទឹកពីអាង ១ខ្សែ សំណូមពរនេះក្រុមការងារបន្តដោះស្រាយតាមជំហ៊ានបណ្តើរៗជូនពួកគាត់
៦- ណែនាំអំពីវិធីប្រើប្រាស់ និងគ្រប់គ្រងថែទាំ ប្រព័ន្ធធារាសាស្ត្រ តាមលក្ខណ:បច្ចេកទេសសមស្រប។