លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម  និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលការងារ ចំនួន ០២ការដ្ឋាន ក្នុងស្រុកបន្ទាយមាស និង ស្រុកកំពងត្រាច ខេត្តកំពត  

ខេត្តកំពត ÷ នៅថ្ងៃសុក្រ ០៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងាអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលការងារ ចំនួន ០២ការដ្ឋាន ក្នុងនោះមាន គម្រោងជីកប្រឡាយរងទូកមាស និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំ បន្ទាយមាសខាងកើត និងទូកមាសខាងលិច ស្រុកបន្ទាយមាស និងគម្រោងជីកព្រែកភ្នំល្ងៀង និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំស្តេចគង់ខាងជើង ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស និងឃុំភ្នំប្រាសាទ ស្រុកកំពងត្រាច ខេត្តកំពត ។
១- គម្រោងជីកប្រឡាយរងទូកមាស ៖
នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះនៅលើដងស្ទឹងទូកមាស ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់កាត់ស្ទឹងទូកមាស ដើម្បីស្ទាក់យកទឹកស្ទឹង មកស្រោចស្រពលើផ្ទៃដីស្រែដែលនៅអមសង្ខាងស្ទឹង និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។
ដោយពិនិត្យឃើញថា ក្រោយពីសាងសង់សំណង់កាត់ស្ទឹងនេះរួចមក ទឹកនៅក្នុងស្ទឹងមានបរិមាណច្រើន ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពទឹកដែលមាននៅក្នុងស្ទឹង ទើបនៅក្នុងឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចុះជីកប្រឡាយរងទូកមាសនេះឡើងវិញ ដែលមានប្រភពទឹកពីសំណង់កាត់ស្ទឹងទូកមាស ដើម្បីយកទឹកទៅស្រោចស្រពលើផ្ទៃដីស្រែនៅឃុំ ទូកមាស ខាងកើត និងឃុំទូកមាសខាងលិច ការងារដែលត្រូវជីក និងសាងសង់រួមមាន ៖
– ជីកប្រឡាយប្រវែង ៤ ០០០ ម៉ែត្រ
– សាងសង់សំណង់ទ្វារទឹក(ទ្វារ២) ០២កន្លែង
– សាងសង់លូចម្លងកាត់ប្រឡាយ ០១កន្លែង
– សាងសង់លូលើភ្លឺប្រឡាយ ០៧កន្លែង
២- គម្រោងជីកព្រែកភ្នំល្ងៀង
ដោយព្រែកនេះពីមួយឆ្នាំទៅមួយមានសភាពគោករាក់មិនអាចនាំទឹកមកធ្វើការស្រោចស្រពលើផ្ទៃដីស្រែ រាប់ពាន់ហិកតាដោយឃើញពីសក្តានុពលរបស់ព្រែកទើប នៅក្នុងឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកគម្រោងជីកព្រែកនេះឡើងវិញ ។ ការងារដែលត្រូវជីកមាន ៖
– ជីកព្រែកប្រវែង ៧.០០០ ម៉ែត្រ
– សាងសង់សំណង់ទ្វារទឹកលើព្រែក(ទ្វារ៣) ចំនួន ០៥កន្លែង
– សាងសង់លូយកទឹកលើភ្លឺព្រែក ចំនួន ០៧កន្លែង ៕