លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ដែលជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះធ្វើការស្តារប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ÷ ព្រឹកថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ដែលជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះធ្វើការស្តារប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រឡាយក្របៅ មានតួនាទីសំខាន់ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល របស់ក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ចូលទៅក្នុងបឹងរាន បន្តដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការស្តារប្រឡាយធម្មជាតិនេះ ក្រសួងបានប្រើប្រាស់អេស្កាវ៉ាទ័រដៃវែង ដៃខ្លី និងរថយន្តបែន សម្រាប់ដឹកកំប្លោក និងល្បាប់ភក់ដែលបានគោករាក់នៅតាមពោះប្រឡាយ ដែលមានប្រវែងប្រមាណ ៤.៥០០ ម៉ែត្រ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមនូវម៉ាស៊ីនបូមទឹកចំនួន ០១គ្រឿងទៀត លើស្ថានីយបូមទឹកដែលមានស្រាប់ នៅលើប្រឡាយក្របៅ និងបានចាត់តាំងអ្នកបច្ចេកទេស និងគ្រឿងចក្រ ឲ្យយាមប្រចាំការនៅលើទីតាំងនោះផងដែរ ដើម្បីត្រៀមទុកការពារក្រែងមានសភាពការណ៍បន្ទាន់កើតឡើង ៕