ឯកឧត្តម ឈា ប៊ុនរិទ្ធ  ក្នុងកិច្ចប្រជុំជាផ្លូវការនូវការរៀបចំលក្ខន្តិកៈសហគមន៍កសិករប្រេីប្រាស់ទឹក(ស.ក.ប.ទ) និងយន្តការនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាងស្ទឹងពោធិ៍សាត់ នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងពោធិ៍សាត់ដែលមានទីតាំងស្ថិតនៅសំណង់ស្ទាក់ទឹកកាត់ស្ទឹងពោធិ៍សាត់ (សំណង់ស្ទាក់ទឹកដំណាក់អំពិល)

ខេត្តស្ទឹងពោធិ៍សាត់ ÷ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញពាក់ព័ន្ធដែលមានលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម លោកថាច់ សុវណ្ណា ប្រធាននាយកដ្ឋានអភិរក្ស និងគ្រប់គ្រងធនធានទឹក លោកហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក លោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ដោយបានសហការជាមួយមន្រ្តីបច្ចេកទេសមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ដឹកនាំដោយលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដើម្បីបើកកិច្ចប្រជុំជាផ្លូវការនូវការរៀបចំលក្ខន្តិកៈសហគមន៍កសិករប្រេីប្រាស់ទឹក(ស.ក.ប.ទ) និងយន្តការនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាងស្ទឹងពោធិ៍សាត់ នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងពោធិ៍សាត់ដែលមានទីតាំងស្ថិតនៅសំណង់ស្ទាក់ទឹកកាត់ស្ទឹងពោធិ៍សាត់ (សំណង់ស្ទាក់ទឹកដំណាក់អំពិល) ដែលមានសក្តានុពលស្រោចស្រពលេីក្រុងចំនួន ០១ និងស្រុកចំនួន ០៣ ៖ ក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកក្រវាញ និងស្រុកបាកាន និងមានវិសាលភាពសម្រាប់ផ្ទៃដីស្រូវវស្សាចំនួន ប្រមាណ ៥៥.០០០ហិកតា និងស្រូវប្រាំងចំនួនប្រមាណ ៣៣.០០០ហិកតា ដែលផ្តោតលេីចំណុចសំខាន់ៗរួមមានដូចខាងក្រោម៖

១-អត្ថប្រយោជន៍នៃការរៀបចំលក្ខន្ដិកៈ ស.ក.ប.ទ និងយន្ដការរួមនៃការគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្តអាងស្ទឹងពោធិ៍សាត់
២-ការចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធដែលបានខិតខំប្រឹងប្រែងស្វែករកថវិកាពីគ្រប់ភាគីម្ចាស់ជំនួយមានរដ្ឋាភិបាលចិន រដ្ឋាភិបាលជប៉ុន និងថវិការបស់រាជរដ្ឋាភិបាល ដើម្បីកសាងសមិទ្ធផលដ៏ធំធេងនេះ ដូចនេះការចូលរួមគ្រប់គ្រង ប្រើប្រាស់ និងថែទាំ ដោយប្រើយន្ដការច្បាប់ គឺជារឿងដ៏សំខាន់ ដែលធ្វើឲ្យមានចូលរួមផ្ដល់យោបល់ពីថ្នាក់ដឹកនាំនាយកដ្ឋានទាំងអស់
៣-ការគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់ ឲ្យបានល្អតាមយន្ដការ ផ្លូវច្បាប់បម្រេីពហុវិស័យសម្រាប់នៃការរីកចម្រេីនសេដ្ឋកិច្ចជាតិ(កសិកម្ម កសិពាណិជ្ជកម្ម កសិដ្ឋាននានា និងការប្រើប្រាស់ទឹកស្អាតជាដេីម

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញេីដល់សមាជិក-សមាជិកាដែលតំណាងសហគមន៍នីមួយៗ សូមជួយផ្សព្វផ្សាយដល់ប្រជាកសិករទាំងអស់ មេត្តាជួយសហការ យោគយល់ និងចូលរួមឲ្យបានផុលផុស ដោយចាត់ទុកថាជារបស់ផ្ទាល់ខ្លួនម្នាក់ៗ ក្នុងការថែរក្សាសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងកសាង និងផ្តល់ជូនឲ្យទទួលបាននូវនិរន្តរភាពគង់វង្សយូរអង្វែងប្រកបដោយចីរភាព ៕