ឯកឧត្តម ប៊ុន ហ៊ាន  ប្រធានមុខព្រួញខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្ទឹងស្ទោង ទំនប់អាងទឹក៣០កញ្ញា (ផ្នែកខាងលើ)  និងសំណង់ទ្វារទឹកស្ទាក់ទឹកស្ទឹងស្ទោង បត់ត្រង់ (ផ្នែកខាងក្រោមក្នុងឃុំម្សាក្រង)

ខេត្តកំពង់ធំ ÷ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញខេត្តកំពង់ធំ រួមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្ទឹងស្ទោង គឺពិនិត្យមើលទំនប់អាងទឹក៣០កញ្ញា (ផ្នែកខាងលើ) និងសំណង់ទ្វារទឹកស្ទាក់ទឹកស្ទឹងស្ទោង បត់ត្រង់ (ផ្នែកខាងក្រោមក្នុងឃុំម្សាក្រង) ។ ក្នុងការចុះពិនិត្យនេះសង្កេតឃើញថា ៖
-នៅទំនប់អាងទឹក៣០កញ្ញា មានហូរលើសំណង់បង្ហៀរ ០,១០ម នៅសល់កម្ពស់០,៥០មទៀតទើបឈានដល់កម្ពស់ប្រុងប្រយ័ត្ន
-នៅស្ថានីយវាស់កម្ពស់ទឹកស្រុកស្ទោងថ្ងៃនេះទឹកមានកម្ពស់៥,៤៤ម កម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន៥,៨០ម
-នៅសំណង់ទ្វារទឹកបត់ត្រង់ ទ្វារទឹកទាំង ០៦ទ្វារបានលើកឡើងលើផុតទឹកអស់ហើយ រីឯលំហូរនៅក្នុងស្ទឹងជាលំហូរធម្មតាមិនស្ទះទឹកទេ ។ តាមលំហូរស្ទឹងធម្មតានេះបានធ្វើឲ្យទឹកជន់ឡើងលិចស្រូវនៅភូមិប្រគាបផ្នែកខាងក្រោមសំណង់ ជាស្រូវមិនទាន់ទុំល្អជិតប្រមូលផលប្រហែលជា៤០ហិកតា (ធ្វើនៅកន្លែងទំនាប) ៕