ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញ ចុះពិនិត្យមើល គម្រោងសាងសង់ទំនប់សណ្តឈើតោក និងសាងសង់សំណង់បង្ហៀរ (ទ្វារ០៥) ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ 

ខេត្តពោធិ៍សាត់ ÷  នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញពាក់ព័ន្ធដែលមានលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម លោកថាច់ សុវណ្ណា ប្រធាននាយកដ្ឋានអភិរក្ស និងគ្រប់គ្រងធនធានទឹក លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ចុះពិនិត្យមើល គម្រោងសាងសង់ទំនប់សណ្តឈើតោក និងសាងសង់សំណង់បង្ហៀរ (ទ្វារ០៥) ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាសមិទ្ធផលថ្មីទើបកសាងចប់ នៅក្នុងឆ្នាំ២០២១ នេះ ។
គម្រោងសាងសង់ទំនប់សណ្តឈើតោកសម្រាប់ស្ទាក់ទឹកស្ទឹងទុកប្រើប្រាស់នៅក្នុងស្រុកភ្នំក្រវាញ
មានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីស្រែវស្សា ចំនួន ២.០១៨ហិកតា ស្រូវប្រាំងចំនួន​ ១៨២ ហិកតា និងដំណាំរួមផ្សំ ចំនួន២០ ហិកតា (ទឹកស្ទឹងហូរខួបប្រាំង និងវស្សា) ម្យ៉ាងទៀតជាផ្លូវឆ្លងកាត់ស្ទឹងពីតំបន់មួយទៅតំបន់មួយទៀត​ និងជាពិសេសជាងនេះទៅទៀត​ ទំនប់នេះក្លាយជាតំបន់ទេសចរធម្មជាតិមួយដ៏ល្អប្រសើរសម្រាប់បងប្អូនក្នុងតំបន់នោះលម្ហែកាយក្រោយពេលសម្រាកពីការងារ។
មានប្រសាសន៍ខណៈចុះពិនិត្យមើលទំនប់សណ្តឈើតោក ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានណែនាំឲ្យអ្នកក្រុមការងារបន្ថែមនូវស្លាកសញ្ញាការពារគ្រោះថ្នាក់នៅជាប់សំណង់ទ្វារទឹក បំពាក់បង្កាន់ដៃបន្ថែមនៅផ្នែកខាងក្រោយនៃសំណង់ទ្វារទឹក រួមទាំងត្រូវចាត់ឲ្យមានឆ្មាំយាមជាប្រចាំក្នុងរដូវវស្សានេះ ដើម្បីគ្រប់គ្រង និងបង្ការទឹកជំនន់ ដែលអាចនឹងកើតមានជាយថាហេតុ ។ គ្រប់បណ្តាអាងទឹកនៃប្រព័ន្ធធារាសាស្រ្តទាំងអស់ ត្រូវរក្សាទឹកទុកត្រឹមតែ ៧០% ទៅ ៨០% ដើម្បីមានចំណុះបម្រុងសម្រាប់ទទួលបរិមាណទឹកភ្លៀងដែលនឹងធ្លាក់ចុះមកជាបន្តបន្ទាប់ទៀតក្នុងរដូវវស្សានេះផងដែរ ៕