ឯកឧត្តម សេរី បណ្ឌិត ប្រធានមុខព្រួញទទួលបន្ទុកខេត្តព្រះវិហារ រួមដំណើរដោយ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យមើលការសាងសង់ទំនប់អាងស្តុកទឹក​ ” រក្សា ” ស្ថិតនៅលើដងស្ទឹងសែន ស្រុកជ័យសែន និង ស្រុករវៀង ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ÷ នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តព្រះវិហារ រួមដំណេីរដោយ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក ប៊ុល ដែលលី អគ្គនាយករងកិច្ចការបច្ចេកទេស និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ សហការជាមួយលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យមើលការសាងសង់ទំនប់អាងស្តុកទឹក”រក្សា ” ស្ថិតនៅលើដងស្ទឹងសែន ក្នុង ព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និង ស្រុករវៀង ខេត្តព្រះវិហារ។ ទំនប់អាងខាងលើនេះ មានប្រវែងសរុប ២.៩៥៦ម៉ែត្រ និងអាចស្តុកទឹកបានប្រមាណ ២៥៧លានម៉ែត្រគូប ដែលបានចាប់ផ្តេីមដំណើរការសាងសង់តាំងពី ដេីមខែវិច្ឆិកា ឆ្នាំ២០១៩ គិតរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៨៣% ហើយ។ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងការដ្ឋាន គម្រោងនេះគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនាខែ កក្កដា ឆ្នាំ២០២២ ខាងមុខនេះ ។ លទ្ធផលរំពឹងទុក នៅពេលបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹករក្សានេះ អាចនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្ម នៅរដូវវស្សាបាន ១៤៣.៣២៣ ហិកតា និងនៅរដូវប្រាំងបានចំនួន ២២.៨៧៨ហិកតា ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់ និងរាំងស្ងួតតាមរយ:យន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

នៅថ្ងៃ បន្ទាប់ ថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក ព្រមទាំងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រ អូរកំបោរ ស្ថិតក្នុងភូមិប៉ាលហាល ឃុំរីករាយ ស្រុករវៀង និងស្ថានភាពទឹកជំនន់ ក្នុងខេត្តព្រះវិហារនៅត្រង់ចំណុចមួយចំនួនដែលបណ្តាលមកពីឥទ្ធិពលព្យុះបង្កឲ្យមានភ្លៀងធ្លាក់ច្រើនគ្របដណ្តប់នៅផ្នែកខាងលើនៃអាងស្ទឹងសែននាពេលកន្លងមក ដែលរួមមានដូចខាងក្រោម៖
⁃ ត្រង់ចំណុចស្ពាន ពុទ្រា ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន និងស្ពានស្ទឹងសែន ភូមិកំពង់ចម្លង សង្កាត់ត្បែងមានជ័យ ក្រុងព្រះវិហារ (គិតត្រឹមថ្ងៃនេះកម្ពស់ទឹក គឺ ១៣,៣៤ម៉ែត្រ ខ្ពស់ជាងកម្រិតប្រុងប្រយ័ត្ន ១,៨៤ម៉ែត្រ ដែលមានកម្ពស់ ១១,៥០ម៉ែត្រ តែនៅទាបជាងកម្រិតប្រកាសអាសន្ន ១,១៦ម៉ែត្រ ដែលមានកម្ពស់ ១៤,៥០ម៉ែត្រ នៅឡេីយទេ)
⁃ ត្រង់ចំណុចព្រំប្រទល់ភូមិពេីក និងភូមិពុទ្រាចាស់ ឃុំពុទ្រា ស្រុកជ័យសែន ដោយសារឥទ្ធិពលទឹកស្ទឹងសែនពីផ្នែកខាងលើ និងមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាក្នុងតំបន់ភូមិសាស្រ្តជាក់ស្តែងរយ:ពេល ប្រមាណប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វេីឲ្យមានជន់លិច ភូមិ និងផ្លូវលំដែលស្ថិតនៅជាប់មាត់ស្ទឹងមួយផ្នែក ប្រវែង ប្រហែល ១គីឡូម៉ែត្រ ប៉ុន្តែប្រសិនជាក្នុងរយ:ពេល ០១អាទិត្យនេះ មិនមានភ្លៀង ឬភ្លៀងតិចតួច ទឹកនេះនឹងអាចស្រកទៅវិញជាធម្មតា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមអគ្គនាយក បានផ្តាំផ្ញេីដល់នាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សាអំពីកម្ពស់ និងធារទឹកនៅតាមទីតាំងសំខាន់ៗឲ្យបានច្បាស់លាស់ និងចែករំលែកនូវព័ត៌មាន ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹកនៅតាមដងស្ទឹងសែនចាប់ពីផ្នែកខាងលើដល់ផ្នែកខាងក្រោមមុននឹងហូរធ្លាក់ចូលបឹងទន្លេសាប ដេីម្បីអាចបង្ការហានិភ័យ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការកាត់បន្ថយគ្រោះមហន្តរាយនានាដែលអាចកេីតមានឡេីងជាយថាហេតុផងដែរ៕