ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង  និងមន្ទីរជួបប្រជុំពិនិត្យពិភាក្សានៅមន្ទីរធនធានទឹក  និងឧតុនិយមខេត្តកំពង់ស្ពឺ  ដើម្បីប្រមូលនូវ ព័ត៌មានទិន្នន័យបឋមលើសំណើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើទំនប់អាងទឹកចំនួន  ៣៣កន្លែង   នៅក្នុង ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃព្រហស្បតិ៍ ៨កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានការចូលរួមពី លោក​ ឈុន​ ពុទ្ធារិទ្ធ អគ្គនាយករងកិច្ចការបច្ចេកទេស​ លោក​ ហៀង​ ម៉េង​ ប្រធាននាយកដ្ឋានវិស្វកម្ម​ លោក​ ថាច់​ សុវណ្ណា​ ប្រធាននាយកដ្ឋានគ្រប់គ្រង​ និងអភិរក្សធនធានទឹក​ លោក​ ហ៊ុយ​ វ៉ាន់ថា​ ប្រធាននាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក​ និងលោក​ មុយ​ មុនិន្ទ​ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ​ សហការជាមួយលោក​ ញ៉ាញ់​ ជាបហ៊ង​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ស្ពឺ​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរ ជួបប្រជុំពិនិត្យពិភាក្សានៅមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ស្ពឺ​ ដេីម្បីប្រមូលនូវព័ត៌មានទិន្នន័យបឋមលេីសំណេីសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេីទំនប់អាងទឹកចំនួន​ ៣៣កន្លែង​​ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋាន​ ក៏ដូចជាទឡ្ហីករណ៍ក្នុងការ​ធ្វេីបច្ចុប្បន្នភាពចុះបញ្ជី​ទាំង​ ៣៣ទំនប់អាងទឹកខាងលេីនេះ។ ជាមួយគ្នាផងដែរ​ ក្រុមការងារក្រសួង​ បានមានមតិកោតសរសេីរដល់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ស្ពឺ​ ចំពោះផ្លែផ្កា​ និងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក​ ក្នុងការសម្របសម្រួល​ និងសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធលេីការវាស់វែង​ កំណត់ព្រំ​ និងចុះបញ្ជីដែលសម្រេចបានជោគជ័យចំនួន​ ១០ទំនប់អាងទឹក​ រួចមកហេីយ​។ សម្រាប់ការបន្តស្នេីសុំវិញ្ញាបនបត្រនេះ​ គឺមានសារ:សំខាន់​ និងជាចក្ខុវិស័យវែងឆ្ងាយ​ បង្កនូវលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង​ និងអភិរក្សថែរក្សាទំនប់អាងទឹកនានាដែលជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋឲ្យបានស្ថិតស្ថេរ​ គង់វង្ស​ និងយូរអង្វែង​ សម្រាប់បម្រេីជាប្រយោជន៍ដល់សាធារណជន។
បន្ថែមពីលេីនេះទៀត​ ឯកឧត្តមអគ្គនាយក​ ក៏បានបញ្ជាក់ថា​ ការស្នេីសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេីទំនប់អាងទឹកចំនួន​ ៣៣កន្លែង​នេះ​ ត្រូវតែគោរពតាមបទដ្ឋានគតិយុត្ត​ នីតិវិធី​ បែបបទរដ្ឋបាល​ និងផ្អែកលេីលក្ខណ:បច្ចេកទេសត្រឹមត្រូវ​ ដោយស្របតាមបរិបទសង្គម​ និងទិដ្ឋភាពជាក់ស្តែង​ ដេីម្បីឲ្យកិច្ចដំណេីរការនេះអាចប្រព្រឹត្តទៅបានដោយរលូន​ និងប្រកបដោយតម្លាភាព​ និងសង្គតិភាព​ ដេីម្បីអាចជាគំរូសម្រាប់ខេត្តដទៃផ្សេងទៀតក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាចុងបញ្ចប់​នៃកិច្ចប្រជុំនេះ ក្រុមការងារក្រសួងបានផ្តាំផ្ញេីបន្ថែមដល់មន្ទីរធនធានទឹក​ និងឧតុនិយម​ គួរសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ​ ក្នុងការត្រៀមរៀបចំនូវគម្រោងផែនការគ្រប់គ្រងអភិរក្ស​ ០៣ឆ្នាំរំកិល​ ឲ្យបានច្បាស់លាស់​ សម្រាប់ស្នេីនូវកញ្ចប់ថវិកាជាតិក្នុងការចុះកំណត់បោះព្រំជាផ្លូវការបន្ទាប់ពីការចុះបញ្ជីនេះ​។
នារសៀលថ្ងៃដដែល​ ក្រុមការងារ​ ក៏បានបន្តពិនិត្យពិភាក្សា​លេីគំនូសប្លង់ផែនទីបច្ចេកទេសនៃទំនប់អាងទឹកនីមួយៗដែលបានស្នេីចុះបញ្ជីនេះ ព្រមទាំងចុះជាក់ស្តែង​ដល់ទីតាំងទំនប់អាងទឹកមួយចំនួនដែលបានស្នេី​សុំវិញ្ញាបនបត្រ​ រួមមាន៖
១.ទំនប់អាងទឹកចាន់ថ្នាល​ ស្ថិតក្នុងភូមិអំពិលផ្អែម​ ភូមិគោកសណ្តែក​ និងភូមិត្រពាំងកក់​ ឃុំក្រាំងចេក​ ស្រុកឧដុង្គ​​
២. ទំនប់អាងទឹកពាមល្វា-អូរតោង ស្ថិតក្នុងភូមិអូរតោង​ ឃុំត្រពាំងជោរ​ ស្រុកឱរ៉ាល់
៣.ទំនប់អាងទឹកអន្លង់ជ្រៃ​ និងប្រាំបីមុមនៃគម្រោងអភិវឌ្ឍន៍ធនធានទឹកក្រាំងពន្លៃ​ ស្ថិតក្នុងភូមិអន្លង់ជ្រៃ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង​៕