លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម  

ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃសុក្រ ៨កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ដែលមានលោក កឹម ចំរើន ប្រធានការិយាល័យធារាសាស្ត្រកសិកម្ម និងលោក ទឹម ណារ៉ុង ប្រធានការិយាល័យទឹកស្អាត និងអនាម័យ បានចុះទៅអនុវត្តការងារក្រោមកញ្ចប់ថវិកាគម្រោងគាំទ្រ ពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម ដែលស្ថិតនៅក្នុងឃុំប៉ោយចារ និង ស.ក.ប.ទ ស្ទឹងស្រែង-បន្ទាយមានជ័យ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី៖
(១). ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ ទាំងពីរខាងលើ។
(២). ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ ទាំងពីរអំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។​
(៣). ជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ ស.ក.ប.ទ ទាំងពីរខាងលើអំពីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើការរបស់ ស.ក.ប.ទ នាពេលខាងមុខក្រោយពីគម្រោងត្រូវបានបញ្ចប់។
(៤). ពិនិត្យចំណូល និងណែនាំអំពីការចំណាយផ្សេងៗសម្រាប់ការងារជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងកិច្ចការរដ្ឋបាលទូទៅរបស់ ស.ក.ប.ទ។
(៥). ពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការទុកដាក់លុយកាក់ដែលបានមកពីការប្រមូលភាគទានប្រប្រាស់ប្រព័ន្ធធារាសាស្ត្រ និងនិតិវិធីនៃការបើកគណនេយ្យនៅធនាគារសម្រាប់តម្កល់ថវិការបស់ ស.ក.ប.ទ។
(៦). ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ និងអាជ្ញាធរដែនដី។
(៧). ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើ ៕