ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក 

នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក ជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ ។ កិច្ចប្រជុំប្រចាំឆ្នាំមានគោលបំណងដើម្បី (១) ត្រួតពិនិត្យអំពីស្ថានភាព និងវឌ្ឍនភាពនៃក្រុមការងារបច្ចេកទេសចម្រុះស្តីពី កសិកម្ម និងទឹក (TWG-AW) និង(២) ត្រួតពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាពឆ្នាំ ២០២២ របស់ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក។
កិច្ចប្រជុំរយៈពេល ០២ថ្ងៃ គឺថ្ងៃទី ៧-៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប មានសមាសភាពចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធការងារកសិម្ម និងទឹក និងមានការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍន៍ដូចជា ADB WB FAO AFD IFAD JICA KOICA Australia និងដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងៗទៀតជាច្រើនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុយម បានផ្តល់អនុសាសន៍ និងសង្កត់ធ្ងន់ ក្នុងអង្គប្រជុំផងដែរថាយន្តការ TWG-AW គឺជាយន្តការសម្របសម្រួល និងពិភាក្សាស្វែងរក ការគាំទ្រ និងកៀរគរប្រភពថវិកាពីគ្រប់ដៃគូអភិវឌ្ឍន៍ក្នុងការគ្រប់គ្រង និងការអនុវត្តគម្រោង ពាក់ព័ន្ធវិស័យទឹក និងកសិកម្ម ក្នុងន័យធ្វើយ៉ាងណាឲ្យការគ្រប់គ្រងទឹក និងការអនុវត្តកិច្ច ការងារពាក់ព័ន្ធវិស័យកសិកម្មកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមបានស្នើអង្គប្រជុំឲ្យមានការចូលរួមក្នុងការផ្តល់អនុសាសន៍ និងធាតុចូលសំខាន់ៗពាក់ព័ន្ធផែនការសកម្មភាពការងាររបស់ TWG-AW ក្នុងន័យធ្វើយ៉ាងណាឲ្យផែនការសកម្មភាពរបស់ក្រុមការងារកាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំទាំងមូលរំពឹងទុកថា ផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹកសម្រាប់ឆ្នាំ ២០២២ ត្រូវបានបង្កើតឡើង និងបញ្ហាប្រឈមនានារបស់ TWG-AW ត្រូវបានកំណត់ វាយតម្លៃ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់៕