​លោក​ ផាង វី​ តំណាងលោក ថាំង​ វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម​ ដឹកនាំក្រុមការងារនាយកដ្ឋាន​  បានបន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង​ នៅស្ថានីយទី២​នៃប្រព័ន្ធធារាសាស្ត្រ​វ៉ៃគោជំហាន​១​ ដោយប្រេីប្រាស់ថាមពលអគ្គិសនីដែលមានម៉ូទ័រចំនួន​ ០៤គ្រឿង

គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម​ គានហោ​ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម​ ដែលតែងតែ​យកចិត្តទុកដាក់លើការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំង​ ក៏ដូចជាដំណាំរួមផ្សំនានា របស់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស។
នាថ្ងៃចន្ទ ៦កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧​ ខែកុម្ភ: ឆ្នាំ២០២២​ លោក​ ផាង វី​ តំណាងលោក ថាំង​ វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម​ ដឹកនាំក្រុមការងារនាយកដ្ឋាន​ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង​ អភិបាលស្រុកស្វាយអន្ទរ​ មេឃុំ​ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បានបន្តចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង​ នៅស្ថានីយទី២​នៃប្រព័ន្ធធារាសាស្ត្រ​វ៉ៃគោជំហាន​១​ ដោយប្រេីប្រាស់ថាមពលអគ្គិសនីដែលមានម៉ូទ័រចំនួន​ ០៤គ្រឿង ជូនដល់បងប្អូនប្រជាកសិករចំនួន​ ៥ឃុំ​នៃស្រុកស្វាយអន្ទរ​ ដែលកំពុងតែរងការខ្វះខាតទឹកប្រមាណជាង​ ៦០០ហិកតាទៀត​ រហូតដល់ពួកគាត់អាចប្រមូលផល​បាន។ នាពេលកន្លងមក​ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង​ បានជួយអន្តរាគមន៍បូមទឹក​សង្គ្រោះស្រូវ​ប្រាំង បានសម្រេចប្រមាណ​ជាង ៣២០០ហិកតា​ លេីផ្ទៃដីសរុបចំនួន​ ៣៨៨៩ហិកតា។
ក្នុងការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករយើងក្នុងតំបន់នេះ ឃើញថាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព​ គឺបានគ្រប់គ្រាន់ទៅតាមតម្រូវការ​ដាំដុះប្រកបដោយប្រសិទ្ធភាពខ្ពស់​ និងទាន់ពេលវេលាចាប់តាំងពីការដាក់ដាំ និងរហូតដល់ការប្រមូលទិន្នផល។ ជាទូទៅស្រូវប្រាំង​ គឺទទួលបានទិន្នផលខ្ពស់ប្រមាណ​ ៥-៦តោន​/ហិកតា​ ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់​ រួមទាំងកាត់បន្ថយការចំណាកស្រុក ហើយក៏សង្ឃឹមថា ឆ្នាំនេះនឹងអាចទទួលបានទិន្នផលច្រើនគាប់ប្រសើរ ដូចជារៀងរាល់ឆ្នាំផងដែរ។
សូមបញ្ជាក់បន្ថែមផងដែរថា ប្រជាកសិករក្នុងខេត្តព្រៃវែង មានការពេញនិយមធ្វើការងារបង្កបង្កេីន​ផលចំនួន​ ២-៣ដង/ឆ្នាំ​ ជាពិសេសស្រូវរដូវប្រាំងនេះ​ បងប្អូនប្រជាកសិករនៅស្រុកស្វាយអន្ទរ​ គឺពឹងផ្អែកជាសំខាន់លេីប្រភពទឹកពីប្រឡាយមេទី១​ ក្នុងការនាំទឹក​ ដែលមានចម្ងាយឆ្ងាយប្រមាណ ២៨គីឡូម៉ែត្រ​​ ដោយមានការជួយជ្រោមជ្រែងយ៉ាងផុលផុសពីក្រសួង​ ក៏ដូចជាមន្ទីរ​ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
បន្ថែមពីលេីនេះផងដែរ​ ការចុះអន្តរាគមន៍បូមទឹកនេះ​ ក្រុមការងារបានជួបសំណេះសំណាលជាមួយអភិបាលស្រុកស្វាយអន្ទរ​ រួមទាំងមេឃុំទាំង៥​ និងបងប្អូនប្រជាកសិករមួយចំនួន​ ដោយពួកគាត់បានបញ្ចេញនូវអារម្មណ៍សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម​ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយទៅតាមលទ្ធភាព​ និងតម្រូវការរបស់ពួកគាត់តាំងពីដើមរហូតមក។​
សម្រាប់ជាការផ្តាំផ្ញេី​ ក្រុមការងារបានជម្រាបផងដែរថា​ ការងារអន្តរាគមន៍នេះអាចសម្រេចទៅបានដោយរលូន​ និងមានប្រសិទ្ធភាពខ្ពស់ គឺត្រូវការជាចាំបាច់នូវកិច្ចសហការ​ពីអាជ្ញាធរមូលដ្ឋាន​​ ជាពិសេសបងប្អូនប្រជាពលរដ្ឋផងដែរ​៕