ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេស ជួបពិភាក្សាការងារជាមួយអង្គការ CARITAS និងអង្គការ HEKS/EPER លើគោលគំនិតផ្តួចផ្តើមគម្រោងកសិកម្មខ្នាតតូចធន់ទៅនឹងអាកាសធាតុ (Climate Resilient Smallholder Agriculture Project-CRSA)

នៅថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេស ជួបពិភាក្សាការងារជាមួយអង្គការ CARITAS និងអង្គការ HEKS/EPER លើគោលគំនិតផ្តួចផ្តើមគម្រោងកសិកម្មខ្នាតតូចធន់ទៅនឹងអាកាសធាតុ (Climate Resilient Smallholder Agriculture Project-CRSA)។

CRSA គឺជាគម្រោងមួយដែលទទួលថវិកាឧបត្ថម្ភពីរដ្ឋាភិបាលស្វីស ហើយនឹងត្រូវអនុវត្តដោយអង្គការចំនួនពីរគឺ អង្គការ CARITAS និងអង្គការ HEKS/EPER សម្រាប់រយៈពេល ០៩ឆ្នាំ គិតចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០៣០ ក្នុងរង្វង់ទឹកប្រាក់ចំនួន ៨.២លានហ្រ្វង់ស្វីស ដោយឡែកនៅឆ្នាំ ២០២២នេះ គឺជាដំណាក់កាលផ្តួចផ្តើមគម្រោង (Inception Phase)។ ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាស្ថាប័នជួយសហការក្នុងការផ្តួចផ្តើម និងអនុវត្តគម្រោង។

គម្រោង CRSA មានគោលដៅអនុវត្តក្នុងខេត្តចំនួន០៤ខេត្តគឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ឬខេត្តស្ទឹងត្រែង ដោយផ្តោតលើប្រជាជនចំនួន ១៥០.០០០នាក់ ដែលងាយរងគ្រោះដោយទឹកជំនន់ ជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត។ CRSA នឹងត្រូវអនុវត្តដោយផ្តោតលើសសរស្តម្ភចំនួន ០៣គឺៈ ទី១.ធ្វើឲ្យប្រសើរឡើងអភិបាលកិច្ចទឹកក្នុងកម្រិតការគ្រប់គ្រងទីជម្រាលថ្នាក់ក្រោមជាតិដើម្បីកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ ទី២.ធ្វើការផ្សព្វផ្សាយពីគំរូជោគជ័យផ្នែកសេដ្ឋកិច្ចដោយអនុវត្តគោលការណ៍សេដ្ឋកិច្ចកសិកម្មតាមរយៈមធ្យោបាយផ្តល់ទឹកឆ្លាត និងទី៣.បង្កើតឲ្យមានជាឯកសារគតិយុត្ត និងទម្រង់ការសិក្សាស្រាវជ្រាវជាក់លាក់ពាក់ព័ន្ធវិស័យអប់រំក្នុងស្រុកក៏ដូចជាអន្តរជាតិ និងអង្គការផ្សេងទៀតដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យអប់រំ។

គម្រោងនឹងរៀបចំជាអនុស្សរណ:យោគយល់មួយរវាងក្រសួងធនធានទឹក និងឧតុនិយម និងCRSA នៅដំណាក់កាលផ្តួចផ្តើមគម្រោង ប៉ុន្តែកម្រិតណាមួយនោះ គឺស្ថិតក្នុងដំណាក់កាលនៃកិច្ចពិភាក្សា។

ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមទទួលស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមគម្រោង CRSA និងមានសេចក្តីសោមនស្សរីករាយក្នុងការសហការអនុវត្តគម្រោងនៅឆ្នាំ ២០២៣ខាងមុខ ជាពិសេសគម្រោងនេះគឺជាផ្នែកមួយដែលជួយការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យាទំនើបដូចជា Drip និងDrop ដែលជាវិធីសាស្រ្តមួយឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុសាកលផងដែរ៕