ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការធ្វេីបច្ចុប្បន្នភាពនៃការអនុវត្តរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដេីម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅលេីប្រព័ន្ធត្រួតពិនិត្យក្របខ័ណ្ឌតម្លាភាពសម្រាប់ឆ្នាំ២០២១
នៅរសៀលថ្ងៃចន្ទ ១២កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីការធ្វេីបច្ចុប្បន្នភាពនៃការអនុវត្តរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ដេីម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅលេីប្រព័ន្ធត្រួតពិនិត្យក្របខ័ណ្ឌតម្លាភាពសម្រាប់ឆ្នាំ២០២១។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីលោកអគ្គនាយករងកិច្ចការបច្ចេកទេស លោកប្រធាន និងអនុប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស បានជម្រាបជូន អំពីសាវតារ និងគោលបំណងនៃកិច្ចប្រជុំដោយបានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលេីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ដូចនេះ រដ្ឋភាគីទាំងអស់នៃកិច្ចព្រមព្រៀងរួមទាំងប្រទេសកម្ពុជា តម្រូវឲ្យរៀបចំបំពេញនូវរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិ ដេីម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC)។ ជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជា បានអនុម័តនូវរបាយការណ៍បច្ចុប្បន្នភាពនេះកាលពីខែធ្នូ ឆ្នាំ២០២០ ហេីយបានដាក់ឲ្យដំណេីរការ និងផ្តល់វគ្គបណ្តុះបណ្តាលអំពីប្រព័ន្ធត្រួតពិនិត្យក្របខ័ណ្ឌតម្លាភាពនេះ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅផងដែរ។ សម្រាប់ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃនូវភាពរីកចម្រេីននៃការអនុវត្ត Updated NDC និងសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពនេះ នឹងត្រូវធ្វេីឡេីងនៅក្នុងខែកុម្ភ: ជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវតែបំពេញនូវរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត Updated NDC ឲ្យបានទាន់ពេលវេលា ដេីម្បីឆ្លេីយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុសាកលផងដែរ៕

















