វឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់អាងទឹកក្រពើប្រាំ មានទីតាំងស្ថិតនៅក្នុងឃុំវ៉ារិន និងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប ÷ វឌ្ឍនភាពនៃគម្រោងសាងសង់ទំនប់អាងទឹកក្រពើប្រាំ មានទីតាំងស្ថិតនៅក្នុងឃុំវ៉ារិន និងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ។ ទំនប់អាងទឹកក្រពើប្រាំ មានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំព្រម៉ៃ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាប្រមាណ ១.២៧០ហិកតា ស្រូវប្រាំង ២៥០ហិកតា ជាពិសេសប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បច្ចុប្បន្នក្រុមការងារ សម្រេចការងារបាន ៣៥% ក្នុងទំហំការងារ រួមមាន ៖
-សាងសង់ទំនប់អាងទឹកប្រវែង ៣.៤០០ម៉ែត្រ
-សាងសង់សំណង់ទ្វារទឹក លើទំនប់ (ទ្វារ៨) ចំនួន០១កន្លែង
-សាងសង់សំណង់ទ្វារទឹក លើទំនប់ (ទ្វារ២) ចំនួន០២កន្លែង
-សាងសង់សំណង់លូយកទឹក លើទំនប់ ចំនួន០២កន្លែង
សូមបញ្ជាក់ថា ៖ មុនពេលសាងសង់ទំនប់អាងទឹកក្រពើប្រាំ ប្រជាពលរដ្ឋជួបការលំបាកនូវកង្វះទឹកសម្រាប់ស្រោចស្រព បន្ថែមនៅដើមរដូវ ចុងរដូវ កសិផលទទួលបានមិនឆ្លើយតបតាមតម្រូវការ ។ ក្រោយពីសាងសង់ទំនប់អាងទឹកខាងលើ និងសាងសង់សំណង់សិល្បៈការ បានរួចរាល់តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រជាពលរដ្ឋនឹងទទួលបានទំនប់អាងទឹកអាចស្តុកទឹកបានប្រមាណ ៣.៥០០.០០០ម៉ែត្រគូប ៕