លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមកាងារបច្ចេកទេសរបស់នាយកដ្ឋានចុះទៅប្រព័ន្ធធារាសាស្រ្តស្ទឹងកែវ១ ដើម្បីធ្វើការប្រគល់ជូននូវសៀវភៅលក្ខន្តិកៈ និងត្រាមូលជូនដល់ ស.ក.ប.ទ ស្ទឹងកែវ១ សម្រាប់អនុវត្ត និងប្រើប្រាស់ក្នុង ស.ក.ប.ទ

ខេត្តកំពត ÷ នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមកាងារបច្ចេកទេសរបស់នាយកដ្ឋានចុះទៅប្រព័ន្ធធារាសាស្រ្តស្ទឹងកែវ១ ដែលមានទីតាំងស្ថិតនៅក្នុងឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមសហការពីមន្រី្តបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ដែលដឹកនាំដោយ លោក ជុំ សុង អនុប្រធានមន្ទីរ ដើម្បីធ្វើការប្រគល់ជូននូវសៀវភៅលក្ខន្តិកៈ និងត្រាមូលជូនដល់ ស.ក.ប.ទ ស្ទឹងកែវ១ សម្រាប់អនុវត្ត និងប្រើប្រាស់ក្នុង ស.ក.ប.ទ និងបានផ្តល់ជាអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនសម្រាប់អនុវត្តសកម្មភាពការងារឲ្យកាន់តែមានប្រសិទ្ធភាពដូចខាងក្រោម ៖
១. គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវប្រើប្រាស់ត្រាក្នុងការបែងចែកទឹកប្រើប្រាស់ ដោយផ្អែកលើកាលវិភាគបែងចែកទឹកដែលបានសម្រេចរួចហើយដោយអង្គប្រជុំ។
២. ករណីដែលអនុញាតឲ្យនីតិបុគ្គលណាមួយមានសិទ្ធប្រើប្រាស់ទឹកស្អាត ដែលយកទឹកពីប្រភពទឹកស្ទឹងកែវ។
៣. ការធ្វើលិខិតអញ្ជើញដើម្បីចូលរួមប្រជុំផ្សព្វផ្សាយនីតិវិធីនៃការអនុវត្តលក្ខន្តិកៈ ដល់គណៈកម្មាធិការ និងសមាជិក ស.ក.ប.ទ.
៤. ការគ្រប់គ្រង និងប្រតិបត្តការសំណង់សិល្បការប្រព័ន្ធធារាសាស្រ្ត សម្រាប់ការប្រើប្រាស់ទឹកច្រើនវិស័យ ដូចជាការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រព ការងារទេសចរ និងការប្រើប្រាស់សម្រាប់ទឹកស្អាត។
៥.ការធ្វើលិខិតជូនដំណឹង និងការបោះត្រាលើវិក័យបត្រលើការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តសម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ទឹកលើវិស័យដែលពាក់ព័ន្ធដ៏ទៃទៀត។ និយាយជារួមការប្រើប្រាស់ត្រាគឺសម្រាប់កិច្ចរដ្ឋបាលទូទៅក្នុង ស.ក.ប.ទ ការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នរដ្ឋ។ល។