លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស ដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញ បានបើកកិច្ចប្រជុំដើម្បីប្រកាសជាផ្លូវការទទួលស្គាល់នូវលក្ខន្តិកៈស.ក.ប.ទ និងប្រគល់ត្រា ស.ក.ប.ទ ជូនដល់គណ:កម្មាធិការសហគមន៍កសិករប្រេីប្រាស់ទឹកអាងមេទឹកកណ្តៀង
ខេត្តកំពង់ចាម ÷ នៅថ្ងៃចន្ទ ៣កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅសាលាឃុំតាំងក្រាំង មានទីតាំងស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស តំណាងឲ្យ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានជំនាញ ដែលមានលោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក សហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបើកកិច្ចប្រជុំដើម្បីប្រកាសជាផ្លូវការទទួលស្គាល់នូវលក្ខន្តិកៈស.ក.ប.ទ និងប្រគល់ត្រា ស.ក.ប.ទ ជូនដល់គណ:កម្មាធិការសហគមន៍កសិករប្រេីប្រាស់ទឹកអាងមេទឹកកណ្តៀង ហើយដែលកម្មវិធីនេះផ្តោតលេីចំណុចសំខាន់ៗមួយចំនួនរួមមានដូចខាងក្រោម ៖
១-អត្ថប្រយោជន៍នៃការប្រើប្រាស់ត្រាសម្រាប់នៅ ស.ក.ប.ទ អាងមេទឹកកណ្តៀង គឺដោយសារអាងមេទឹកកណ្តៀងនេះជាប្រព័ន្ធស្រោចស្រព ជាប្រភពទឹកប្រើប្រាស់ និងជាប្រភពមច្ឆាជាតិ ដ៏មានសក្តានុពលសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ។
២-ការប្រើប្រាស់ត្រាសម្រាប់ប្រព័ន្ធធារាសាស្ត្រអាងមេទឹកកណ្តៀង ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់សកម្មភាពការងារ ស.ក.ប.ទ បន្ថែមទៀត និងបានផ្តល់នូវការទទួលស្គាល់ពេញលេញ លើការងារលិខិតស្នាមនានាដែលត្រូវជូនដំណឹងលើការអញ្ជើញសមាជិក ការប្រមូលភាគទានពីសមាជិកនៃស.ក.ប.ទ ពីបណ្តាភូមិឃុំដែលសមាជិក ស.ក.ប.ទ រស់នៅ និងលើការងារបិទ-បើកទ្វារទឹក និងការបែងចែកទឹកទៅតាមវេនផ្អែកតាមកាសម្រេចរបស់អង្គប្រជុំ។
៣-ផ្តល់នូវប្រសិទ្ធភាពបន្ថែមទៀតនៃការអនុវត្តលក្ខន្ដិកៈ ស.ក.ប.ទ និងការប្រព្រឹត្តទៅនៃយន្ដការរួមគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តអាងមេទឹកកណ្តៀង។
៤-ផ្តល់បន្ថែមទៀតនូវការទទួលខុសត្រូវដល់សមាជិក ស.ក.ប.ទ ចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព ដើម្បីថែរក្សាសមិទ្ធផលនេះ ដូចនេះការចូលរួមគ្រប់គ្រង ប្រើប្រាស់ និងថែទាំ ដោយប្រើយន្ដការច្បាប់ គឺជារឿងដ៏សំខាន់ ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឲ្យអាងទឹកនេះរក្សាបានផ្ទៃដីអាងដែលបានឯកភាព និងទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងបង្កើនប្រសិទ្ធភាពគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តនេះឲ្យមាននិរន្តរភាពខ្ពស់។
៥-ផ្តល់នូវប្រសិទ្ធភាពបន្ថែមលើការងារគ្រប់គ្រងអាងមេទឹកកណ្តៀងឲ្យបានល្អតាមយន្ដការច្បាប់ ដើម្បីបម្រេីឲ្យពហុវិស័យសម្រាប់នៃការរីកចម្រើនសេដ្ឋកិច្ចជាតិ កសិកម្មកសិដ្ឋាននានា និងការប្រើប្រាស់ទឹកស្អាត សម្រាប់ពេលអនាគតផងដែរ៕


































