ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមក្នុងសមាសភាពគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព – ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ” នៅទីក្រុងខឺម៉ាមូតុ ប្រទេសជប៉ុន

នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមក្នុងសមាសភាពគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព – ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ” នៅទីក្រុងខឺម៉ាមូតុ ប្រទេសជប៉ុន ។
ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពេញអង្គខាងលើ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចខាងក្រោម ៖
១. ជំនួបពិភាក្សាការងាររវាង សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ
២. ជំនួបកំពូលទ្វេភាគីរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វ៊ូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន
៣. ចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យធនធានទឹក ជាមួយឯកឧត្តម Saito Tetsuo រដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរ នៃប្រទេសជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វ៊ូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន និង
៤. ការពិសារភោជនាហារពេលល្ងាច រៀបចំដោយ ឯកឧត្តម ហ្វ៊ូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ជូនជាកិត្តិយសចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបជូនថា អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក គឺមានគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរ នៃប្រទេសជប៉ុន ដើម្បីធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរឡើងថែមទៀត និងដើម្បីពន្លឿនការលូតលាស់ផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រទេសទាំងពីរ ដោយកិច្ចសហប្រតិបត្តិការផ្តោតលើផ្នែក រួមមាន៖ ក) ការគ្រប់គ្រងធនធានទឹកចម្រុះ ខ) ការគ្រប់គ្រងអាងទន្លេ និងផែនការវដ្ដទឹក គ) ការត្រួតពិនិត្យ ការគ្រប់គ្រង កិច្ចប្រតិបត្តិការ និងការបង្កើនសមត្ថភាពទំនប់ទឹក ឃ) ការរៀបចំផែនការអភិវឌ្ឍន៍ធនធានទឹក រួមទាំងការគ្រប់គ្រងហានិភ័យលើធនធានទឹក និងឧតុនិយម ។