ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម  ចុះពិនិត្យស្ថានភាពទឹកនៅភូមិភាគពាយព្យ នាដើមរដូវវស្សាឆ្នាំ២០២២ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងពិនិត្យប្រព័ន្ធធារាសាស្រ្តមួយចំនួន 

ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ ÷នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ ដែលជាថ្ងៃទី២នៃដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកនៅភូមិភាគពាយព្យ នាដើមរដូវវស្សាឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយមានគោលបំណងសំខាន់ៗចំនួន ០៣ រួមមាន ៖
១- វាយតម្លៃស្ថានភាពទឹកនាដើមរដូវវស្សាឆ្នាំ២០២២ ដែលឆ្នាំនេះភ្លៀងបានធ្លាក់ឆាប់ជាងនិងបរិមាណច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ (ជាក់ស្តែងបច្ចុប្បន្នទំនប់អាងកំពីងពួយ បានមានបរិមាណទឹក ៦០លានម៉ែត្រគូប ស្មើនឹង ៤០% នៃកម្រិតស្តុកទឹកអតិបរមា ១៥០លានម៉ែត្រគូប )
២- ណែនាំបច្ចេកទេស កែលម្អនូវចំណុចខ្វះខាតក្នុងការកសាងគម្រោងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងជំរុញការងារសាងសង់យ៉ាងសកម្ម រហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៨០% នៃផែនការ
៣- ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពដោះទឹក លិចដីស្រែបងប្អូនប្រជាកសិករ នៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលទើបជន់លិចដោយបរិមាណទឹកភ្លៀងធ្លាក់លើសលប់ មានប្រភពមកពីស្រុកម៉ាឡៃ ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់បញ្ជាភ្លាមៗឲ្យប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាយកាត់ផ្តាច់ប្រឡាយចារ ដែលបាននិងកំពុងស្តារពង្រីកមុខកាត់ឲ្យធំជាងមុនតែមិនទាន់បានកាត់ផ្តាច់នៅឡើយ ដោយសភាពការណ៍ជាក់ស្តែងចំពោះមុខមានភ្លៀងធ្លាក់ខ្លាំងគឺចាំបាច់ត្រូវកាត់ផ្តាច់ជាបន្ទាន់ បើកមុខទឹកដើម្បីបន្ធូរឲ្យទឹកធ្លាក់ទៅក្រោមតម្រង់ឆ្ពោះទៅបឹងទន្លេសាបសិន ៕